(ស្វាយរៀង)៖ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធា​នមន្ទីសុខាភិបាលខេត្តស្វាយរៀង បានដឹកនាំក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្ត ចុះពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅភូមិរំដេញ ភូមិត្រោក​ ភូមិចំបក់ និងភូមិនារាទេន នៅក្នុងឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ការពិនិត្យនេះបានធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ដោយមានប្រជាពលរដ្ឋមកព្យាបាលសរុប ៣៣៦នាក់។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានឱ្យដឹងថា ប្រជាពលរដ្ឋដែលមកពិនិត្យជម្ងឺមានចំនួន៣៣៦នាក់ មានស្រី២០៦នាក់ ហើយជំងឺដែលបានពិនិត្យរួមមានជំងឺទូទៅ២០៩នាក់ (កុមារ ៣៨នាក់) ជំងឺរោគស្រ្តី ៣៤នាក់ ជំងឺភ្នែក ៦២នាក់ ជំងឺមាត់ធ្មេញ ២៦នាក់ ជំងឺផ្លូវចិត្ត៥នាក់ វះកាត់តូច៧នាក់ ឆ្លុះអេកូ២៦ករណី ថតវិទ្យុសាស្ត្រ១០ករណី ពិនិត្យឈាម១២ករណី។ ក្នុងការពិនិត្យព្យាបាលនេះ បានចែកចេញជា៣វគ្គ មួយវគ្គៗមាន៤ភូមិ ប្រើប្រាស់បុគ្គលិកពេទ្យ៣២នាក់ រថយន្តគ្លីនិកចល័ត១គ្រឿង ដែលជាជំនួយពីប្រទេសចិន និងរថយន្តសង្គ្រោះ១គ្រឿង ដែលជាអំណោយរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងឱសថផ្តល់ជូនពីក្រសួងសុខាភិបាល។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ទៀតថា ការចុះពិនិត្យព្យាបាលជំងឺនេះ មិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ជារួម​គឺសំ​ដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក ដោយសារក្រុមគ្រូពេទ្យ ចុះទៅពិនិត្យព្យាបាល ជំងឺដល់មូលដ្ឋានរបស់ពួកគាត់ផ្ទាល់ ដែលធ្វើឲ្យពួកគាត់ចំណេញទាំងពេលវេលា និងមិនចំណាយប្រាក់កាស។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបន្ថែមទៀតថា បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ អាស្រ័យហេតុនេះហើយ បានជាលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបង្កើតនូវមន្ទីរពេទ្យ និងមណ្ឌលសុខភាពថ្មីៗបន្ថែមទៀត ដើម្បីឲ្យកាន់តែគៀកនឹងប្រជាពលរដ្ឋ និងកម្មកររោងចក្រ ដោយលោកបានផ្តល់ឱសថ បរិក្ខារពេទ្យ ឧបករណ៍ពេទ្យទំនើបៗ ដល់មន្ទីរពេទ្យទាំងអស់ សម្រាប់ផ្តល់សេវាប្រកបដោយប្រសិទ្ធភាពជូនដល់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ផងដែរ៕