(ត្បូងឃ្មុំ)៖ លោក វេង សាខុន សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកកំពង់សៀម និងស្រុកតំបែរ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញមកពីឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្ថិតក្នុងបរិវេណវត្តជ័យសុខសាន្ត។

ពិធីសំណេះសំណាល និងសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីសំណាក់លោកប្រធានក្រុមការងារចុះជួយឃុំ សមាជិកក្រុម ការងារថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន យ៉ាងច្រើនកុះករ សរុបចំនួន ១,២០០នាក់។

ក្នុងឱកាសនោះ លោក វេង សាខុន បាននាំមកជូននូវការផ្តាំផ្ញើសាកសួរ សុខទុក្ខប្រជាពលរដ្ឋ ដែលមានវត្តមាននៅទីនេះ និងនៅទូទាំងស្រុកតំបែរ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរតែងតែគិតគូ យកចិត្តទុកដាក់ពីបញ្ហាជីវភាព និងសេចក្តីសុខរបស់បង ប្អូនគ្រប់ពេលវេលា។

លោកថា ដោយសារសេដ្ឋកិច្ចជាតិមានការ រីកចម្រើន និងប្រជាជនមានការកើនឡើង រាជរដ្ឋាភិបាលខិតខំយកចិត្តទុកដាក់ថែរក្សានូវសុខ សន្តិភាព និងរិះរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយ នូវរាល់បញ្ហាប្រឈម និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋជាជំហានៗ ដើម្បីបង្កើនប្រាក់ចំណូលឲ្យកាន់តែល្អប្រសើរ ស្របតាមឆន្ទៈរបស់រាជរដ្ឋាភិបាល ដែលចង់ឲ្យប្រទេសយើងក្លាយ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។

ដើម្បីសម្រេចបាននូវក្តីបំណងនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្ត ទាក់ទាញការវិនិយោគ សាងសង់ហេដ្ឋរចនាសម្ព័ន្ធ សាងសង់រោងចក្រគ្រប់ប្រភេទ ក្នុងបំណងបង្កើតការងារជូនពលរដ្ឋ នៅមូលដ្ឋានផ្ទាល់ ស្រូបយកកម្លាំងពលកម្មក្នុងស្រុក និងបង្កើនការនាំចេញកសិផលកែច្នៃ ដែលមានគុណភាព សុវត្ថិភាពឆ្លើយតបតាមសេចក្តីត្រូវការរបស់ទីផ្សារ។ ដើម្បីឈានទៅសម្រេចបាននូវ ទស្សនវិស័យដ៏ត្រឹមត្រូវនិងច្បាស់លាស់នេះ លោកសូមឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗ រូបត្រូវខិតខំយកចិត្តទុក ដាក់ថែរក្សាសុខសន្តិភាព ស្ថេរភាព និងសមិទ្ធផលទាំងអស់។

ជាមួយគ្នានោះ លោកក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋនៅឃុំត្រពាំងព្រីង និងនៅទូទាំងស្រុកតំបែរ សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា លេខរៀងទី២០ ស្រួលចាំ ស្រួលគិត និងស្រួយគូស ដើម្បីជូនសម្តេចតេជោសែន ធ្វើជានាយករដ្ឋមន្រ្តី បន្តដឹកនាំប្រទេសកម្ពុជា នៅអាណត្តិក្រោយៗទៀត។

ឆ្លៀតយកឱកាសនេះ លោកបានរំលឹកជូនសមាជិកក្រុម ការងារថ្នាក់កណ្តាលត្រូវអនុវត្តគោលនយោបាយ ក៣ (កើត ការ និងការមរណ) ដោយត្រូវជួយឧបត្ថម្ភ ១០ម៉ឺនរៀល សម្រាប់ពិធីនីមួយៗ ហើយ សុំឲ្យអាជ្ញាធរមូលដ្ឋាន ចុះមកធ្វើសំបុត្រអាពាហ៍ពិពាហ៍ សំបុត្រកំណើត និងមរណភាពដល់ទីកន្លែងដោយគ្មាយយកសេវា។

នាឱកាសនេះ លោកបានជួយឧបត្ថម្ភថវិកាជូនលោកគ្រូ អ្នកគ្រូចំនួន ១លានរៀល កុំព្យូទ័រ និងព្រីនធ័រ១គ្រឿង សាងសង់របងវិហារស៊ីម៉ង់១តោន សាងសង់សារ៉ាវ ២លានរៀន ទិញលូ១លានរៀន កសាងវត្តស្រែប្រាំង ២លានរៀល ឧបត្ថម្ភសាខាបក្សជ័យសុខសាន្ត ២លានរៀន ជូនភូមិសែននមោរដ្ឋ ២លានរៀន សម្រាប់ធ្វើរបងការពារសត្វពាហនៈ និងឧបត្ថម្ភអ្នកចូលរួមម្នាក់ៗ១ម៉ឺនរៀល។

ដោយឡែក សំណើមួយចំនួនទៀត ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកកំពង់សៀម និងស្រុកតំបែរ បានស្នើសុំឲ្យក្រុមការងារ ចុះមកសិក្សា និងវាយតម្លៃបន្ថែមលើភាពចំបាច់ និងថវិកាដែលត្រូវចំណាយ៕