(កំពង់ចាម)​៖ លោក ឡាវ វ៉ាន់ សមាជិកគណៈកម្មាធិកាកណ្តាល​គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុកបាធាយ ទទួលបន្ទុកលើការងារយុវជន អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលអ្នកសង្កេតការណ៍ ចំនួន​២១០រូប ដើម្បីមានពុទ្ធិ និង​ចំណេះធ្វើ​សម្រាប់ចូល​រួមសកម្មភាព នៃការបោះឆ្នោត​នៅខែកក្កដាខាងមុខ។

ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ ដោយមានការចូលរួមពី តំណាង​ក្រុមគ្រូឧទ្ទេស​នៃយុវជន​ថ្នាក់ខេត្ត និងថ្នាក់ស្រុក ព្រមទាំងសមាជិក សមាជិកា​ឆ្នើមៗ ជាច្រើនរូបផ្សេងទៀត។​

ថ្លែងក្នុងឱកាសនោះ លោក ឡាវ វ៉ាន់ បានផ្ដាំផ្ញើ​ឲ្យសិក្ខាកាមទាំងអស់ ត្រង់ត្រាប់​ទទួល​នូវការផ្ទេរចំណេះវិជ្ជា និង​ក្លាហ៊ានសាកសួរគ្រូឧទ្ទេស ចំពោះចំណុចណា​ដែលនៅ​មិនទាន់យល់ច្បាស់ ហើយលោជូនពរឲ្យវគ្គសិក្សានេះទទួលបាននូវផ្លែផ្កា​ដ៏ត្រចេះត្រចង់។

បើតាមលោក ឡាវ វ៉ាន់ មានតែគណបក្ស​ប្រជាជនកម្ពុជាតែមួយ ​ដែលនឹងធ្វើឲ្យជាតិ​កម្ពុជា គង់វង្សឋិតថេរ​ធានាបាននូវការអភិវឌ្ឍ ប្រកបដោយសុខសន្តិភាព និង​ការអភិវឌ្ឍ ហើយជាលទ្ធផល​ប្រជាពលរដ្ឋទទួលបាននូវភាពសម្បូរសប្បាយរុងរឿងឧត្តុង្គឧត្តមថ្លៃថ្លា៕