​(បាត់ដំបង)៖​ ក្រុមការងារក្រសួងយុត្តិធម៌ ដែលមានលោក​ អង្គ វង្ស វឌ្ឍនា ​ជាប្រធានគណៈពង្រឹង នៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០១៨នេះ តំណាងដោយលោក ហួត ឈួរ ​បានរៀបចំកម្មវិធីជួបជុំសំណេះសំណាលជាមួយចាស់-ព្រឹទ្ធាចារ្យ សិស្សានុសិស្ស ក្នុងភូមិដែលមានជីវភាពខ្វះខាត ចំនួន២០០នាក់ ស្ថិត​​ក្នុងភូមិជ្រៃរុន ឃុំឫស្សីក្រាំង​ ស្រុក

មោងឫស្សី ខេត្តបាត់ដំបង។

ក្រោយការសំណេះ​សំណាលក្រុមការងារគណៈពង្រឹង បានផ្តល់ជាអំណោយមនុស្សធម៌ ជូនដល់ពួកគាត់ក្នុងម្នាក់ៗ ទទួលបាន​សារ៉ុងមួយ ក្រម៉ាមួយ ទឹកប្រាក់៥០០០រៀល និងបានរៀបចំអាហារសាមគ្គី ដើម្បីបញ្ជាក់ពីការគោរព ស្រលាញ់ចាស់ ព្រឹទ្ធាចារ្យ បង ប្អូន នៅក្នងភូមិកាន់ស្និទស្នាលថែមទៀត។

លោក ហួត ឈួរ​ ​លើកឡើងថា ឱកាសដែល​បានមកជួបជុំគ្នានេះ គឺស្របពេលដែលប្រទេសជាតិ កំពុងមានសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ​ដូចជា ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន សាលារៀនមន្ទីរពេទ្យ ដែលបានដើរតួ​យ៉ាងសំខាន់ក្នុងសហគមន៍​របស់ពួកគាត់ ហើយកាយវិការមនុស្សធម៌របស់ក្រុមការងារនេះ គឺធ្វើឡើងជាបន្តបន្ទាប់តាមកម្មវិធីដែលបានគ្រោងទុក។

តំណាងលោក អង្គ​ វង្ស វឌ្ឍនា ក៏បានរំលឹកដល់លោកតា លោកយាយ និងបានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា ដែលជាប្រមុខដឹកនាំប្រទេស ដែលសម្តេចបានបូជា កម្លាំង ប្រាជ្ញា និងពលិកម្មគ្រប់បែបយ៉ាង ដើម្បីនាំមកទាំងលំបាក តាំងពីស្ថានភាពប្រទេស ដែលខ្ទេចខ្ទីរញាំញី ដោយសារសង្គ្រាមដ៍រ៉ាំរ៉ៃ រាប់ទស្សវត្តមួយនេះ​ឲ្យទទួលបានមកវិញនូវសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយហើយអនុសាសន៍សម្តេច គឺគ្រប់កាលៈទេសៈរាជរដ្ឋាភិបាល មិនទុកឲ្យពលរដ្ឋណាម្នាក់អត់ឃ្លានរហូតបាត់បង់ជីវិត, មន្ត្រី និងពលរដ្ឋ គឺរួមសុខ រួមទុក្ខជាមួយគ្នា ដាច់ខាតមិនរត់ចោលស្រុកយករួចខ្លួនឡើយ។

លោកក៏បានបន្តថ្លែងអណរគុណដល់ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបានផ្តល់ជំនួយគំនិតស្មារតី ព្រមទាំងសម្ភារ​ ថវិកា​មួយដល់ក្រុមការងារ ដើម្បីចុះជួបនឹងបន្តការងារ​ជួយមូលដ្ឋាន ភូមិជ្រៃរុន ឃុំឫស្សីក្រាំង ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង សម្រេចបានជោគជ័យ៕