(ភ្នំពេញ)៖ មន្ដ្រីនគរបាលម្នាក់ ត្រូវបានចោរមួយក្រុមចូលគាស់ផ្ទះ យករថយន្ដមួយគ្រឿង ម៉ាក Lexus ពាក់ស្លាកលេខភ្នំពេញ2AL-0768 នៅយប់ឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ ស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ជនរងគ្រោះឈ្មោះ កែ សេរីវឌ្ឍនា ជាមន្ដ្រីនគរបាល បម្រើការនៅអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅយប់មិញនេះ គាត់មិនសម្រាកនៅផ្ទះនោះទេ លុះមកដល់ផ្ទះវិញនៅព្រឹកឡើង ស្រាប់តែឃើញទ្វាររបងបើក ក៏ផ្អើលឆោឡោតែម្ដង។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបញ្ជាក់ថា នៅចន្លះប្រហែលម៉ោង១យប់ គេឃើញមានមនុស្សបើកឡានចេញពីផ្ទះរបស់ជនរងគ្រោះ ប៉ុន្ដែមិនចាប់អារម្មណ៍នោះទេ ព្រោះនឹកស្មានថា ជនរងគ្រោះត្រូវមានធុរៈចេញទៅក្រៅ ប៉ុន្ដែព្រឹកឡើងទើបដឹងថា មានក្រុមចោរចូលគាស់យករថយន្ដ។

បើតាមជនរងគ្រោះ កែ សេរីវឌ្ឍនា ក្រុមចោរមិនត្រឹមតែគាស់យករថយន្ដនោះទេ ពោលបានចូលរើកកកាយទូរដាក់ឥវ៉ាន់នៅក្នុងផ្ទះផងដែរ ប៉ុន្ដែជនរងគ្រោះថា មិនបានបាត់អ្វីនោះទេ ក្រៅពីរថយន្ដមួយគ្រឿងខាងលើ។

យ៉ាងណាមិញ លោក កែ សេរីវឌ្ឍនា ក៏បានអំពាវនាវដល់សមត្ថកិច្ចជំនាញ ជួយបន្ដស្រាវជ្រាវរករថយន្ដរបស់ខ្លួនដោយយកចិត្តទុកដាក់ផង និងអំពាវនាវដល់សាធារណៈជន ប្រសិនបើប្រទះឃើញរថយន្ដខាងលើ សូមជួយរាយការណ៍ជូនសមត្ថកិច្ចដែលនៅក្បែរ៕