(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Panyarak Poolthup ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជា បានប្ដេជ្ញារក្សារចំណងមិត្តភាពរវាងគ្នានឹងគ្នា និងពង្រឹងវិស័យធនាគារ និងសកម្មភាពសេដ្ឋកិច្ចនៃប្រទេសទាំង២។

ការប្ដេជ្ញារួមគ្នាបែបនេះ របស់លោក ជា ចាន់តូ និងលោក Panyarak Poolthup ធ្វើឡើងនាឱកាសដែលលោក Panyarak Poolthup ត្រូវបានអនុញ្ញាត​ ឲ្យជួបពិភាក្សាការងារជាមួយលោកទេសាភិបាលធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨។

ក្នុងឱកាសនោះលោក ជា ចាន់តូ បានជម្រាបជូន អំពីស្ថានភាពល្អប្រសើរ នៃម៉ាក្រូសេដ្ឋកិច្ច ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយ ដល់លោក Panyarak Poolthup។

ធនាគារកណ្ដាលប្រទេសទាំងពីរ បានពង្រឹងចំណងមិត្តភាពយ៉ាងជិតស្និទ្ធ និងដើរតួនាទីយ៉ាង សំខាន់ក្នុងការគាំទ្រ ការរីកចម្រើនវិស័យធនាគារ និងសកម្មភាពសេដ្ឋកិច្ច នៃប្រទេសទាំងពីរ។

លោក Panyarak Poolthup បានកោតសរសើរ ពីការរីកចម្រើន របស់កម្ពុជា។ លោកថា សន្តិភាព និងស្ថិរភាពនយោបាយ ជាមូលដ្ឋានដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ឱ្យរីកចម្រើនឡើង។

ក្នុងនោះដែរលោក ក៏បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិនៃកម្ពុជា ដែលបានគាំទ្រ ដល់ការរីកចម្រើន ទំនាក់ទំនង
សេដ្ឋកិច្ច រវាងប្រទេសទាំងពីរ ពិសេសការវិនិយោគ របស់ថៃក្នុងវិស័យនានា ក្នុងនោះការវិនិយោគលើវិស័យធនាគារ បានកើនឡើងជាលំដាប់
បច្ចុប្បន្នធនាគារថៃ៤កំពុងមានប្រតិបត្តិការនៅកម្ពុជា៕