(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹង ប្រាប់ទៅអភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងដឹកនាំរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្ដល់សេវា និងចាត់ចែង ដោះស្រាយសំណើរ សំណូមពរ បញ្ហាប្រឈម និងតម្រូវការជូនប្រជាពលរដ្ឋ។

បើតាមលិខិត​ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៥ ខែមិថុនានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ឲ្យអភិបាលរាជធានី-ខេត្ត ត្រូវធានារក្សាឲ្យបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងបរិយាកាសល្អប្រសើរសម្រាប់ដំណើរការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦។

សម្ដេចក្រឡហោម ស ខេង ក៏បានបញ្ជាក់ថា អភិបាលរាជធានី-ខេត្ត ត្រូវមានវត្តមានប្រចាំនៅក្នុងរាជធានី-ខេត្ត ត្រូវមានវត្តមានជាប្រចាំនៅក្នុងរាជធានី-ខេត្តរបស់ខ្លួន លើកលែងតែមានសាមីខ្លួនមានបញ្ហាសុខភាព ឬត្រូវចូលរួមកិច្ចប្រជុំ ឬកម្មវិធីណាមួយតាមការសម្រេចពីប្រមុខនៃរាជរដ្ឋាភិបាល៕