(បាងកក,ថៃ)៖ នៅរាត្រីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ មួយថ្ងៃមុនពិធីបើកកិច្ចប្រជុំកំពូលយុទ្ធសាស្រ្ត នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៨ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ារ-វៀតណាម (CLMV) លើកទី៩ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្រ្តីថៃ និងជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ACMECS លើកទី៨ និងភរិយា បានរៀបចំពិធីលៀងសាយភោជន៍ជូនមេដឹកនាំ និងប្រតិភូ ក៏ដូចជាឧត្តមមន្រ្តីនៃប្រទេស ACMECS ផ្នែកធុរកិច្ច តំណាងដៃគូអភិវឌ្ឍ និងអង្គការហិរញ្ញវត្ថុនានា ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS លើកទី៨ និងកិច្ចប្រជុំកំពូល CLMV លើកទី៩ នៅទីក្រុងបាងកក ប្រទេសថៃ។

ក្នុងពិធីលៀងសាយភោជន៍នោះ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់ អូចារ បានថ្លែងអំណរគុណចំពោះមេដឹកនាំ និងគណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលយុទ្ធសាស្រ្ត នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៨ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ារ-វៀតណាម (CLMV) លើកទី៩ នៅទីក្រុងបាងកក ដែលជាការរួមណែកយ៉ាងធំធេង និងមានតម្លៃបំផុត ក្នុងការរួមគ្នាគិតគូរដោះស្រាយរាល់បញ្ហាប្រឈម ក្នុងន័យពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការតភ្ជាប់រវាងប្រជាជន និងប្រជាជន ពិសេសការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរបស់ប្រទេសក្នុងតំបន់៕