(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ បានចាត់ទុកថា សេចក្តីថ្លែងការណ៍របស់ មន្រ្តីអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សមួយក្រុម ដែលវាយប្រហារមើលសេរីភាពបញ្ចេញមតិនៅកម្ពុជានោះ គឺអាចជាការឈ្លានពាន ដល់ដែនអធិបតេយ្យភាពកម្ពុជាជារដ្ឋសមាជិក ដែលលោកជឿជាក់ថា កម្ពុជាមិនឋិតនៅក្នុង ឬក្រោមរូបភាពអាណានិគម របស់អង្គការអន្តរជាតិមួយណានោះឡើយ។

លោក ផៃ ស៊ីផាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សេចក្តីថ្លែងការណ៍ របស់មន្រ្តីអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ក៏អាចចាត់ទុកថា ជាការឈ្លានពានដល់ដែនអធិបតេយ្យភាព នៃរដ្ឋសមាជិក «កម្ពុជា» ខ្ញុំជឿជាក់ថា កម្ពុជាមិនឋិតនៅក្នុង ឬក្រោមរូបភាពអាណានិគម របស់អង្គការអន្តរជាតិមួយណានោះឡើយ»

ការលើកឡើង របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជារូបនេះ បានធ្វើឡើងបន្ទាប់ពី ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ បាន​អំពាវនាវ​ដល់រាជរដ្ឋាភិបាល​កម្ពុជា​ ឱ្យគោរព​និង​ធានា​សិទ្ធិសេរីភាព ​ក្នុងការ​បញ្ចេញមតិ ដោយ​សម្តែង​កង្វល់​អំពី​ការបង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ ​នៅមុន​ការបោះឆ្នោតជាតិ​នៅ​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្សទាំងនោះ បានបង្ហាញពី​កង្វល់​អំពី​សេរីភាព​សារព័ត៌មាន នៅក្នុងប្រទេសកម្ពុជាផងដែរ។

លោក ផៃ ស៊ីផាន បានឆ្លើយតបថា ការព្រួយបារម្ភរបស់ ​មន្រ្តីបម្រើឱ្យអង្គការសហប្រជាជាតិ គ្រាន់តែជាមតិយោបល់របស់មន្រ្តីរូបនេះទេ។ គួរឱ្យសោកស្តាយ ដែលមន្រ្តីសិទ្ធិមនុស្សរូបនោះ បានធ្វើសេចក្តីថ្លែងការណ៍ បំភាន់មតិសាធារណជនជាតិ និងអន្តរជាតិ រវាងសិទ្ធសេរីភាព និងការបញ្ចេញយោបល់ ក្នុងការញុះញង់សាធារណជនខ្មែរ មិនឱ្យចេញទៅបោះឆ្នោត។ ការអំពាវនាវមិនឱ្យសាធារណជន ចេញទៅបោះឆ្នោត គឺហួសពីព្រំដែន នៃសិទ្ធិ និងសេរីភាព នៃការបញ្ចេញយោបល់ ដែលជាអង្គហេតុ និងអង្គច្បាប់កម្ពុជា។

លោកបានបន្តទៀតថា កម្ពុជាបច្ចុប្បន្ន ជារដ្ឋឯករាជ្យអធិបតេយ្យ និងជាសមាជិកពេញលេញរបស់ អង្គការសហប្រជាជាតិ ដែលកម្ពុជាទទួលបន្ទុក នូវការទទួលខុសត្រូវ នៃការដឹកនាំរបស់ស្ថាប័នអង្គការសហប្រជាជាតិ នេះផងដែរ។ អាស្រ័យហេតុដូច្នេះ មន្រ្តីអង្គការសហប្រជាជាតិ គួរមានក្រមសីលធម៌គោរព នៃដែនអធិបតេយ្យកម្ពុជា ដែលជារដ្ឋសមាជិកពេញសិទ្ធិ និងពេញលេញ នៃអង្គការអន្តររដ្ឋាភិបាលនេះផងដែរ៕