(ភ្នំពេញ)៖ លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានបញ្ជាក់ថា ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព គឺជាគោលការណ៍ និងការងាររបស់ គ.ជ.ប។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ។

លោក ឌឹម សុវណ្ណារុំ បានថ្លែងបែបនេះ នៅឱកាសលោកអញ្ជើញ ក្នុងព្រឹត្តិការណ៍បង្ហាញការបោះពុម្ពសន្លឹកឆ្នោត នៅរោងពុម្ព លី វ៉ាន់ហុង ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ។ លោក ឌឹម សុវណ្ណារុំ បានថ្លែងយ៉ាងដូច្នេះថា៖ «ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព គឺជាគោលការណ៍ ការងាររបស់ គ.ជ.ប»។

បើតាមអ្នកនាំពាក្យរូបនេះ, ការបោះពុម្ពសន្លឹកឆ្នោតនេះ ធ្វើឡើងយ៉ាងត្រឹមត្រូវអនុលោម ទៅតាមបទបញ្ជា និងនីតិវិធី នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលមានក្នុងប្រការ៨.២.១ ដល់ប្រការ៨.២.៤ «គ.ជ.ប ធានាបោះពុម្ពសន្លឹកឆ្នោតគ្រប់ចំនួន សម្រាប់រាជធានី-ខេត្តនីមួយៗ នៅលើក្រដាសពណ៌ស។ សន្លឹកឆ្នោតនីមួយៗ ត្រូវមានគល់បញ្ជីសន្លឹកឆ្នោត លេខរៀងតាមលំដាប់គ្នានៃសន្លឹកឆ្នោត ត្រូវបោះនៅលើគល់បញ្ជីសន្លឹកឆ្នោត។ សន្លឹកឆ្នោតនីមួយៗ ត្រូវមានសញ្ញាសម្គាល់គណបក្សនយោបាយ និងឈ្មោះគណបក្សនយោបាយ ជាអក្សរពេញ និងអក្សរកាត់។ សញ្ញាសម្គាល់គណបក្សនយោបាយ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ និងអក្សរកាត់ ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត ត្រូវដាក់តាមលំដាប់លំដោយផ្អែកតាមលទ្ធផល នៃការចាប់ឆ្នោត។ រាជធានី-ខេត្តនីមួយៗ ត្រូវមានសន្លឹកឆ្នោតដោយឡែករបស់ខ្លួន ដែលគ.ជ.ប ផ្តល់ជូន»

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដូចខាងក្រោម៖