(ភ្នំពេញ)៖ គម្រោងវិនិយោគថ្មីៗចំនួន៥ទៀតហើយ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ឲ្យដំណើរការវិនិយោគនៅកម្ពុជា ដែលសរុបទុនវិនិយោគ ចំនួន ៣០១.២លានដុល្លារអាមេរិក និងបង្កើតការងារថ្មីចំនួន ៤៩៤៥កន្លែង។

Facebook ផ្លូវការរបស់ CDC បានចុះផ្សាយនៅថ្ងៃទី១៥ ខែមិថុនានេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុន ដូចខាងក្រោម៖

១៖ ក្រុមហ៊ុន KAMPONG SPEU PLANTATION CO.,LTD. គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (អំពៅ) និងសាងសង់រោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់ប្រើប្រាស់ដោយចីរភាពនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្ត្រឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៨៥,៥៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២,២៩០កន្លែង។

២៖ ក្រុមហ៊ុន SCHNEITEC ENERGY CO.,LTD. គម្រោងសាងសង់ខ្សែបណ្តាញបញ្ជូន ១១៥គីឡូវ៉ុល សៀមរាប-ឧត្តរមានជ័យ អនុស្ថានីយឧត្តរមានជ័យ និងអនុស្ថានីយបែកចាន (ពោធិ៍សែនជ័យ) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រឹប សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងភូមិអូរកន្សែង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានទុនវិនិយោគប្រមាណ ៨០.៦០លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៤១៣កន្លែង។

៣៖ ក្រុមហ៊ុន NAN HAI REAL ESTATE DEVELOPMENT CO.,LTD. គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយប្រាំ ចំនួន ៥០០បន្ទប់ និងជម្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៨៦,៥៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១,៨៤៨កន្លែង។

៤៖ ក្រុមហ៊ុន HEIN LI PROPERTIES CO.,LTD. គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយបួន ចំនួន ១៤៩បន្ទប់ និង រីសត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៣៩,៣៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២៤១កន្លែង។

៥៖ ក្រុមហ៊ុន LYLY KAMEDA CO.,LTD. គម្រោងបង្កើតរោងចក្រនំស្រួយ និងអាហារសម្រន់ ដែលមានទីតាំង វិនិយោគស្ថិតនៅផ្លូវ១៣៧កា១ ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៩,១២លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១៥៣កន្លែង។

សូមជម្រាបថា គិតក្នុងពាក់កណ្តាលខែមិថុនា ឆ្នាំ២០១៨នេះ CDC បានចេញច្បាប់អនុញ្ញាតឲ្យក្រុមហ៊ុនចំនួន៩ ឲ្យបើកដំណើរការនៅកម្ពុជាក្រោមទុនវិនិយោគសរុប ២ពាន់លានដុល្លារលានដុល្លារអាមេរិក ដែលរួមទាំងគម្រោងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុផងដែរ ដោយបង្កើតការងារថ្មីបានចំនួន ១៦,១៣៧កន្លែង ជូនប្រជាជនកម្ពុជា៕