(ភ្នំពេញ)៖ ច្បាប់ថ្មីស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ត្រូវបានក្រុមប្រឹក្សាធមនុញ្ញអនុម័តជាឯកច្ឆន្ទហើយនៅក្នុងកិច្ចប្រជុំពេញអង្គនៅថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បានគូសបញ្ជាក់ថា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាធម្មនុញ្ញដែលដឹកនាំដោយលោក អ៉ឹម ឈុនលឹម នាព្រឹកមិញនេះ បានទទួលស្គាល់ថា ច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីស្របនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី មានគោលបំណងធានាប្រសិទ្ធភាពការងាររបស់គណៈរដ្ឋមន្ត្រី ជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអង្គការនីតិប្រតិបត្តិបានដូចបានបញ្ញត្តនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់នេះមានគោលដៅកំណត់អំពីសមាសភាព សមត្ថកិច្ច និងការប្រព្រឹត្តទៅរបស់គណៈរដ្ឋមន្រ្តីដែលជារជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

ច្បាប់ថ្មីនេះ បានចែងថា ចាប់ពី​អាណត្តិ​ទី​៦ ​សមាសភាព​នៃ​រាជរដ្ឋាភិបាល​រួមមាន៖​នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​។ ដោយឡែករដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ មិនមែនជា​សមាជិក​រា​ជ​រដ្ឋាភិបាល​ទេ ហើយក៏​មិនមែនជា​ភ្នាក់ងារ​រដ្ឋបាល​អចិន្ត្រៃយ៍​ផងដែរ​។​

​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានថ្លែងបញ្ជាក់ថា ការបង្កើតគណៈរដ្ឋមន្ត្រីចាស់សមាជិករាជរដ្ឋាភិបាលមានសភាពសំពីងសំពោង ដែលជាហេតុបង្កើតច្បាប់ថ្មី ដោយទុកតែនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីប៉ុណ្ណោះជាសមាជិករាជរដ្ឋាភិបាល។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «​រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ តម្រូវឲ្យថ្នាក់រដ្ឋលេខាធិការ ក៏ជាសមាជិករដ្ឋាភិបាល ការពិតរដ្ឋលេខាធិការមិនមែន​ទទួលខុសត្រូវ​ចំពោះ ​សភា និងនាយករដ្ឋមន្ដ្រីទេ ការដាក់ឲ្យទទួលខុសត្រូវចំពោះនាយករដ្ឋមន្ដ្រី និងសភា គឺមានតែរដ្ឋមន្ដ្រី ជាប្រធានស្ថាប័ន ហើយជាអនាប័កតែប៉ុណ្ណោះ។ ​ក៏ប៉ុន្ដែរដ្ឋធម្មនុញ្ញក៏បានដាក់បញ្ជាក់ថា នាយករដ្ឋមន្ដ្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ​រដ្ឋមន្ត្រី រដ្ឋលេខាធិការ គឺជាសមាជិករាជរដ្ឋាភិបាល ដូច្នេះពេលរៀបចំរដ្ឋាភិបាលម្ដងៗ គេឃើញសំពីងសំពោង រាប់រយនាក់ឯណោះ។ ចឹងទេបានជាយើងត្រូវតែធ្វើការកែសម្រួល ​ដោយដកចេញ ដោយទុកតែថ្នាក់នាយករដ្ឋមន្ដ្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាសមាជិករាជរដ្ឋាភិបាល»

ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ដែលបានរៀបចំជាច្បាប់ថ្មី រួមមាន ៩ជំពូក និង៥៩មាត្រា ដែលមានខ្លឹមសារសំខាន់ៗដូចខាងក្រោម៖

* ជំពូកទី១៖ ស្តីពីបទប្បញ្ញត្តិទូទៅ មាន០៣មាត្រា៖ បញ្ញត្តអំពីគោលបំណង គោលដៅ និងវិសាលភាពនៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី។

* ជំពូកទី២៖ ស្តីពីសមត្ថកិច្ច និងសមាសភាពគណៈរដ្ឋមន្ត្រី មាន០៩មាត្រា៖ ជំពូកនេះ បានដាក់បញ្ចូលនូវខ្លឹមសារស្ទើរទំាងស្រុកនៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តីឆ្នំា១៩៩៤ ដោយគ្រាន់តែធ្វើការកែសម្រួលពាក្យពេចន៍ និងខ្លឹសារតិចតួច។ ទន្ទឹមនេះ បានបន្ថែមនូវបទប្បញ្ញត្តិថ្មីចំនួន០២ ពាក់ព័ន្ធនឹងវិសមិតភាពនៃមុខងារជាសមាជិករាជរដ្ឋាភិបាល និងការទទួលបាននូវប្រាក់បំណាច់មុខងាររបស់សមាជិករាជរដ្ឋាភិបាល។

* ជំពូកទី៣៖ ស្តីពីគណៈរដ្ឋមន្រ្តី សមត្ថកិច្ចរបស់នាយរដ្ឋមន្ត្រី និងសមាជិករាជរដ្ឋាភិបាល មាន ២១មាត្រា។ ជំពូកនេះ បានដកស្រង់បទប្បញ្ញត្តិមួយចំនួនពីច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី១៩៩៤ ហើយបន្ថែមនូវបទប្បញ្ញត្តិមួយចំនួនទៀតពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់នាយករដ្ឋមន្រ្តី និងសមាជិករាជរដ្ឋាភិបាល ឲ្យស្របតាមស្ថានភាពបច្ចុប្បន្ន។

* ជំពូកទី៤៖ ស្តីពីទីស្តីការគណៈរដ្ឋមន្រ្តី មាន០៩មាត្រា៖ បញ្ញត្តអំពីការបង្កើត និងការដឹកនំា គ្រប់គ្រងទីស្តីការគណៈរដ្ឋមន្រ្តី។

* ជំពូកតី៥៖ ស្តីពីការបង្កើតក្រសួង មាន០៩មាត្រា៖ បញ្ញត្តអំពីការបង្កើតក្រសួង តួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់រដ្ឋមន្រ្តីក្នុងការដឹកនំា គ្រប់គ្រងក្រសួង ការធានានិរន្តរភាពការងាររបស់ក្រសួង និងការដោះស្រាយវិវាទសមត្ថកិច្ចរបស់ក្រសួងពីរ ឬច្រើន។

* ជំពូកតី៦៖ ស្តីពីការបង្កើតស្ថាប័ន ក្រុមប្រឹក្សា អាជ្ញាធរ គណៈកម្មាធិការ និងយន្តការនានា មាន០៣មាត្រា៖ ជំពូកនេះ បញ្ញត្តអំពីសមត្ថកិច្ចរបស់រដ្ឋាភិបាលក្នុងការស្នើសុំបង្កើត ឬអាចបង្កើតស្ថាប័ន ក្រុមប្រឹក្សា អាជ្ញាធរ គណៈកម្មាធិការ និងយន្តការនានា ដើម្បីបំពេញការងា តាមការចំបាច់។

* ជំពូកទី៧៖ ស្តីពីរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តីប្រឹក្សា និងជំនួយការ មាន០៤មាត្រា៖ បញ្ញត្តអំពីរដ្ឋមន្រ្តីប្រតិភូងមនាយរដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការដែលមិនមែនជាសមាជិករាជរដ្ឋាភិបាល ហើយក៏មិនមែនជាមន្ត្រីមុខងារសាធារណៈ។

* ជំពូកទី៨៖ ស្តីពីអន្តរប្បញ្ញត្ត មាន០១មាត្រា៖ បញ្ញត្តអំពីការបន្តអានុភាពអនុវត្តនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទំាងឡាយពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី ករណីមិនមានច្បាប់ និងលិខិតបតដ្ឋានគតិយុត្តថ្មីមកជំនួស។

* ជំពូកតី៩៖ ស្តីពីអវសានប្បញ្ញត្ត មាន០៤មាត្រា៖ បញ្ញត្តអំពីការអនុវត្តច្បាប់នេះចាប់ពីនីតិកាលតី៦ នៃរដ្ឋសភាតទៅ និងការទុកជានិរាករណ៍នូវច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តីឆ្នំា១៩៩៤ ច្បាប់ស្តីពីវិសោធនកម្មមាត្រា២៨ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីឆ្នំា១៩៩៤ និងច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី និងការប្រកាសឲ្យប្រើសេចក្តីព្រាងច្បាប់នេះជាការប្រញាប់៕