(ភ្នំពេញ)៖ អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានថ្លែងចាត់ទុកការដាក់ទណ្ឌកម្មរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក លើនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ជាការរំលោភបំពានទាំងស្រុង លើទស្សនៈរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

ទស្សនៈវិស័យរបស់ប្រធានាធិបតី​ ដូណាស់​ ត្រាំ​ ដែលបានលើកឡើង និងកំណត់គោលនយោបាយសហប្រតិបតិ្ត​ការ ​អន្តរជាតិយ៉ាងច្បាស់ជាមួយមេដឹកនាំអាស៊ាន​ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ដែលមានខ្លឹមសារថា​ «យើងគោរពឯករាជ្យ​ និងអធិបតេយ្យភាពនៃប្រទេសរបស់អ្នក​ យើងចង់ឲ្យអ្នកខ្លាំង​ រីកចម្រើន​ និងមានឯករាជ្យដោយខ្លួនឯង​ ចាក់ឬសជ្រៅក្នុងតំលៃប្រវតិ្តសាស្ត្ររបស់អ្ន​ក​ ​និងប្រឹងប្រែងដើម្បីអនាគតល្អប្រសើរនៃប្រជាជនអ្នក។​ នេះជាអ្វីដែលយើងប្រឹងប្រែងទាំងអស់គ្នា​ ហើយរីកចម្រើនជាមួយគ្នា​នឹងភាពដៃគូពិត​ និងជាដៃគូយូរអង្វែង»

លោក ហេង រតនា​ បានចាត់ទុកថា «ដូចនេះទង្វើរបស់ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្ម លើនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការង នៃកងយោធពលខមេរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ជាការរំលោភបំពានទស្សន:ខាងលើ​ និងជាភស្តុតាងបន្ថែមទៀត ក្នុងការជាប់ពាក់ពន្ធ័ និងការបន្តគាំទ្រដល់ចលនាបដិវត្តន៍ពណ៌នៅកម្ពុជា»

អគ្គនាយករូបនេះ បានលើកឡើងថា ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក គួរក្រឡេកមើលបញ្ហារំលោភសិទិ្ធមនុស្ស នៃការសម្លាប់មនុស្សរាប់ពាន់នាក់ក្រៅប្រពន្ធ័ច្បាប់​នៅប្រទេសហ្វីលីពីន, ការវាយកំទេច​សម្លាប់​ បណ្តេញចេញជនភ្លៀសខ្លួនជាង៧០ម៉ឺននាក់នៅភូមា​ និងការធ្វើរដ្ឋប្រហារយោធា​និងបង្ក្រាបដោយយោធាសម្លាប់មនុស្សរាប់រយនាក់នៅប្រទេសថៃ​។ ផ្ទុយទៅវិញចំពោះកម្ពុជា គឺខិតខំរក្សាសន្តិភាព និងសន្តិសុខរបស់ខ្លួនយ៉ាងល្អ។

លោក ហេង រតនា បានលើកឡើងទៀតថា ប្រទេស និងប្រជាជនកម្ពុជា ធ្លាប់ជាជនរងគ្រោះពីនយោបាយអាមេរិក​ ដែលស្លាប់រាស្ត្រខែ្មរស្ទើរផុតពូជ ​ឆ្លងកាត់សមុទ្រឈាម ​និងទឹកភ្នែក ឆ្អឹងគរជាភ្នំ​។ លើសពីនេះ កម្ពុជាកំពុងរួមគ្នាដោះស្រាយវិបតិ្តសំណល់ជាតិផ្ទុះ ពីសង្គ្រាមយ៉ាងមមាញឹក ក្នុងនោះមានគ្រាប់បែកទម្លាក់ពីលើយន្តហោះ គ្រាប់បែកចង្កោម និងគ្រាប់បែកគីមីជាដើម របស់អាមេរិក។

សូមជម្រាបថា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ចេញសេចក្ដីថ្លែងការណ៍ ឆ្លើយតបការនឹងការដាក់ទណ្ឌកម្មរបស់អាមេរិកវិញថា លោកគ្មានទ្រពសម្បត្តិនៅសហរដ្ឋអាមេរិកទេ ហើយក៏មិនដែលឈានជើងជាន់ដីប្រទេសនេះម្តងណាដែរ។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ បានចំអកឱ្យអាមេរិកឆាប់បង្កកទ្រព្យសម្បត្តិលោក ឱ្យបានលឿនបំផុត បើសិនរកឃើញថា លោកមានទ្រព្យសម្បត្តិ នៅទីនោះ។

នាយឧត្តមសេនីយ៍ក៏បានបង្ហាញនូវការឈឺចាប់ ចំពោះទង្វើអាមេរិក ដែលបានធ្វើមកលើខ្លួនលោក គ្រួសារលោក និងប្រទេសជាតិកម្ពុជា ដោយបានទម្លាក់គ្រាប់បែករាប់លានគ្រាប់ សម្លាប់ប្រជាពលរដ្ឋខ្មែរ នៅក្នុងទស្សវត្សន៍ឆ្នាំ១៩៧០ ព្រមទាំងបន្សល់ទុកកាកសំណល់សង្រ្គាមមិនទាន់ផ្ទុះ នៅតែបន្ត សម្លាប់ប្រជាជនខ្មែរជាបន្តបន្ទាប់ទៀត៕