(រតនគិរី)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តរតនគីរី សហការជាមួយកម្លាំងនគរបាលស្រុកវ៉ឺនសៃ និងមន្រ្តីរដ្ឋបាលព្រៃឈើផ្នែកវ៉ឺនសៃ បានចុះដកហូតឈើគគីរ, ឈើកកោះ និងឈើសុក្រំជាច្រើនសន្លឹក ដែលឈ្មួញដឹកយកទៅគរលាក់ទុក ក្នុងចំការស្វាយចន្ទីមាត់ទន្លេសេសាន្ត ស្ថិតក្នុងភូមិកាចូនលើ ឃុំកាចូន ស្រុកវ៉ឺនសៃ ខេត្តរតនគិរី បម្រុងនាំចេញទៅវៀតណាម។

លោកវរសេនីយ៍ទោ ជា តារា នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះថា កម្លាំងចុះប្រតិបត្តិការបង្ក្រាប និងរឹបអូសឈើខាងលើនេះ បានធ្វើឡើងក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ងួន គឿន ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរងទទួលផែនប្រឆាំងបទល្មើស ដោយឱ្យធ្វើស្រាវជ្រាវជាប់ជាប្រចាំ ចំពោះការលួចដឹកជញ្ជូនឈើគ្រប់រូបភាព។

លោកវរសេនីយ៍ទោ ជា តារា បានបន្តថា មុននឹងឈានដល់ការបង្ក្រាបករណីខាងលើនេះ កម្លាំងរបស់លោក បានប្រើប្រាស់បណ្តាញសំងាត់តាមដានជាប្រចាំ រួចសុំយោបល់ថ្នាក់លើ និងមានការឯកភាពពីតំណាងអយ្យការអមសាលាដំបូង រហូតបង្ក្រាបជាក់ស្តែងតែម្តង។

លោកវរសេនីយ៍ទោ ជា តារា បានបញ្ជាក់ថា ឈើគគីរ, ឈើសុក្រំ និងឈើកកោះនេះ មានមុខកាត់៣០ទៅ៥០សង់ទីម៉ែត្រ និងមានប្រវែង៣ម៉ត្រ ទៅ៥ម៉ែត្រ, តែឈើពិតប្រាកដមិនទាន់ដឹងចំនួនម៉ែត្រគូប នៅឡើយទេព្រោះមិនទាន់ធ្វើការវាស់វែង។

បច្ចុប្បន្ននេះ ឈើគគីរ, ឈើកកោះ និងឈើសុក្រំជាច្រើនសន្លឹក និងដុំត្រូវបានប្រគល់ឱ្យខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី ដើម្បីចាត់ការបន្តតាមច្បាប់ព្រៃឈើ៕