(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី​១៥​ ខែមិថុនា ឆ្នាំ២០១៨នេះ​ កាកបាទក្រហមកម្ពុជា បានប្រារព្ធពិធីសូត្រមន្ត​ចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃ៨៣អង្គ ថ្វាយព្រះពរសម្ដេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្ដម មុនិនាថ សីហនុ ព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា ក្នុងឱកាសបុណ្យចម្រើនព្រះជន្មវស្សាគម្រប់៨២ យាងចូល៨៣ព្រះវស្សា ក្រោមអធិបតីភាពសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

ការប្រារព្ធពិធីសូត្រមន្ត​ចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃ ៨៣អង្គ ថ្វាយព្រះពរសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសចម្រើនព្រះជន្មវស្សា គម្រប់៨២ យាងចូល៨៣ ព្រះវស្សា មានការអញ្ជើញចូលរួមពីមន្ដ្រីកាកបាទក្រហមកម្ពុជា គ្រប់លំដាប់ថ្នាក់ រួមទាំងយុវជនស្ម័គ្រចិត្ដ កាកបាទក្រហមកម្ពុជាផងដែរ។

ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសហការីនៃកាកបាទក្រហមកម្ពុជាទាំងអស់ បានលើកហត្ថប្រណម្យ បួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមី នៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ គ្រប់ព្រះអង្គ ព្រះបារមី ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ព្រះនាម មហោទរាទេវី សូមជួយបីបាច់ថែរក្សា សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ ដល់ប្រជានុរាស្រ្តជាកូនចៅ ចៅទួត​ របស់ព្រះអង្គទូទាំងព្រះរាជាណាចក្រកម្ពុជា ជាដរាបតរៀងទៅ៕