(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍​គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និង​ជាប្រធានក្រុមការងារថ្នាក់ជាតិ ​ចុះជួយខេត្តសៀមរាប នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការ ចុះជួយមូលដ្ឋានក្រុង ស្រុកក្នុងខេត្តសៀមរាប។​​

ថ្លែងក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ​បានលើកឡើង​នូវគោលការណ៍ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីទុកជាត្រីវិស័យ​ចង្អុលបង្ហាញ ដល់ក្រុមការងារគ្រប់ថ្នាក់យកទៅអនុវត្ត​ទាំងថ្នាក់ជាតិ ថ្នាក់ខេត្ត នៅតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ និង​បានក្រើនរំលឹកដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ បន្តការយកចិត្តទុកដាក់គ្រប់គ្រង កសាងបន្ថែមកម្លាំងសកម្មជនប្រកបដោយសមត្ថភាព ហើយត្រូវពង្រឹង និងពង្រីកសមាជិកភាពរបស់ខ្លួននៅតាមមូលដ្ឋាន និង​ក្តាប់ឲ្យបាននូវរាល់សតិអារម្មណ៍របស់សមាជិក និង​ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីឆ្ពោះទៅរកភាពជោគជ័យ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ២០១៨​ខាងមុខ។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបញ្ជាក់ថា ការអនុវត្តភារកិច្ច​តួនាទីរបស់ខ្លួន មន្ត្រីគណបក្សប្រជាជនកម្ពុជា ត្រូវធានាឲ្យខាងតែបាននូវប្រសិទ្ធភាព និន្តរភាព ក្នុងការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និង​ការអភិវឌ្ឍ​មូលដ្ឋាន ការផ្តល់សេវា និង​ការដោះស្រាយរាល់បញ្ហាផ្សេងៗ ជូនប្រជាពលរដ្ឋ​ហើយបញ្ហាប្រឈមនានា ដែលនៅសេសសល់ពីមុនមក ត្រូវបន្តដោះស្រាយជូនប្រជាពលរដ្ឋ ស្របតាមលិខិតបទដ្ឋានគតិយុត្តិ នៃច្បាប់​ឲ្យបានទាន់ពេលវេលា ហើយរួមគ្នាជួយដោះស្រាយ រាល់ទុក្ខលំបាក និង​សំណូមពររបស់ប្រជាពលរដ្ឋ​។​

បន្ថែមពីនេះ សម្ដេច ទៀ​ បាញ់ ​ក៏បានធ្វើការជំរុញ​អាជ្ញាធរ​សមត្ថកិច្ចគ្រប់ ក្រុង ស្រុក បង្កើនការយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំខាន់ក្នុងឱកាសដែលគ្រប់​គណបក្សនយោបាយ ធ្វើការឃោសនារកសំឡេងគាំទ្រគណបក្សខ្លួន និង​នៅថ្ងៃបោះឆ្នោត​នាថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ២០១៨ ដើម្បីកុំឲ្យមានកើតនូវអំពើហិង្សា ​សំខាន់លើសុវត្ថិភាពចរាចរណ៍ ក្នុងពេលដែលពួកគាត់អញ្ជើញទៅកាន់​ការិយាល័យបោះឆ្នោត ក្នុងការធានាសុវត្ថិភាព​ដល់ពួកគាត់ផងដែរ​។​

ជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណ​ដល់​លោក លោកស្រី ដែលបានបរិច្ចាគទ្រព្យផ្ទាល់​ខ្លួន ក្នុងការគាំទ្ររាល់សកម្មភាព នៃការអភិវឌ្ឍ​លើគ្រប់ហេដ្ឋារចនាសម្ព័ន្ធ នៅតាមមូលដ្ឋានភូមិ​ឃុំសង្កាត់ របស់​គណបក្សប្រជាជនកម្ពុជា៕