(កំពង់ធំ)៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ និងទទួលបានជោគជ័យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានជំរុញដល់លោកគ្រូអ្នកគ្រូទាំងអស់ ពិសេសលោកគ្រូអ្នកគ្រូក្នុងខេត្តកំពង់ធំ ត្រូវបន្តចូលរួមអនុវត្តកំណែទម្រង់នេះឱ្យបានខ្ជាប់ខ្ជួន ដើម្បីនាំមកនូវប្រសិទ្ធភាព លើវិស័យអប់រំបន្ថែមទៀត។

ការជំរុញយ៉ាងមុតមាំបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសលោកអភិបាលខេត្ត សុខ លូ ជួបសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូសរុបចំនួន ១,១៣៦នាក់ មកពីស្រុក២ផ្សេងៗគ្នា គឺពេលព្រឹកនៅស្រុកសណ្តាន់ និងពេលរសៀលនៅស្រុកប្រាសាទសំបូរ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨។

ជាមួយនឹងការថ្លែងអំណរគុណ ចំពោះការខិតខំរបស់លោកគ្រូអ្នកគ្រូកន្លងមក លោក សុខ លូ បានលើកឡើងថា លោកគ្រូអ្នកគ្រូ គឺជាអ្នកមានគុណដែលបានអប់រំបណ្តុះបណ្តាល បង្កើននូវធនធានមនុស្សគ្រប់ទីកន្លែង ដែលធ្វើឲ្យមនុស្សគ្រប់មជ្ឈដ្ឋាននៅក្នុងសង្គមផ្តល់តម្លៃថា «ជាមាតាបិតាទី២» មានគុណនូបការៈមិនអាចកាត់ថ្លៃបាន ហើយលោកគ្រូអ្នកគ្រូទាំងអស់ គឺជាអ្នកសាបព្រោះនូវចំណេះដឹងចំណេះធ្វើគ្រប់បែបយ៉ាង បើគ្មានលោកគ្រូអ្នកគ្រូនោះទេ ហាក់ដូចជាគ្មានអ្វីៗទាំងអស់។

ដោយយល់ឃើញដូច្នេះហើយ ទើបរាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ខ្ពស់ លើការសាងសង់នូវសមិទ្ធផលជាច្រើនក្នុងវិស័យអប់រំ ជាវិស័យអាទិភាពមួយ។ ទន្ទឹមនេះរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់លើកម្រិតជីវភាពរស់នៅរបស់លោកគ្រូអ្នកគ្រូ តាមរយៈការដំឡើងប្រាក់បៀវត្សរ៍ និងប្រាក់ឧបត្ថម្ភផ្សេងៗផងដែរ។

លោក សុខ​ លូ បានសង្កត់ធ្ងន់ថា តាមរយៈការបណ្តុះបណ្តាលរបស់លោកគ្រូអ្នកគ្រូគ្រប់កម្រិត បានធ្វើឲ្យប្រទេសកម្ពុជាសម្បូរទៅដោយអ្នកមានចំណេះដឹង ជំនាញ និងសមត្ថភាពក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ស្ថិតនៅក្រោមរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ក្រោមដំបូលដឹកនាំប្រកបដោយសុខសន្តិភាពរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើការដឹកនាំប្រទេសតាមរយៈគោលនយោបាយឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាល ទទួលបាននូវភាពជោគជ័យក្នុងការបង្រួបបង្រួមជាតិឲ្យជៀសផុតពីសង្គ្រាម។

ឆ្លងកាត់តាមរយៈសុខសន្តិភាពនេះ ធ្វើឲ្យលោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទទួលបាននូវសិទ្ធិសេរីភាពស្មើមុខស្មើមាត់លើឆាកអន្តរជាតិ និងទទួលស្គាល់ពីលទ្ធផលនៃការបោះឆ្នោតក្នុងអំឡុងពេល៥អាណត្តិ កន្លងមកនេះ។

ជាមួយគ្នានេះ លោក សុខ លូ បានអំពាវនាវឲ្យលោកគ្រូអ្នកគ្រូទាំងអស់គ្នា ចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ និងបានអំពាវនាវឲ្យលោកគ្រូអ្នកគ្រូជួយផ្សព្វផ្សាយបន្តទៀតទៅកាន់សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ឲ្យយល់ដឹងពីគុណតម្លៃនៃការបោះឆ្នោត និងអញ្ជើញចូលរួមបោះឆ្នោតកុំបីខាន ព្រោះការបោះឆ្នោតនេះមានសារសំខាន់ណាស់ ដើម្បីជ្រើសរើសថ្នាក់ដឹកដែលខ្លួនពេញចិត្តក្នុងការដឹកនាំប្រទេស អាចរក្សានូវសុខសន្តិភាព និងស្ថិរភាពសង្គមប្រកបដោយការអភិវឌ្ឍទៅថ្ងៃអនាគតបន្តទៀត៕