(សៀមរាប)៖ ​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ​ និងជា​អនុប្រធានគណៈកម្មាធិការកណ្តាល​ សមាគមអតីតយុវជនកម្ពុជា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញ​សំណេះសំណាល និងបំពាក់មេដាយការពារជាតិ ជូនដល់អតីតយុទ្ធជន ទូទាំងក្រុងសៀមរាប ចំនួន​១​,៨៥៥នាក់។

ថ្លែងក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ប្រទេសកម្ពុជាបានឆ្លងកាត់នូវសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបំផ្លិចបំផ្លាញសង្គមជាតិ ខ្ទេចខ្ទីដល់ឬសគល់ ព្រមទាំងបានបន្សល់ទុកនូវអតីតយុទ្ធជន ដែលជាជនពិការ និវត្តន៍ជន ជនបាត់បង់សមត្ថភាពការងារ និងគ្រួសារយុទ្ធជនពលីមរណៈជាច្រើន។

ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចជាកាលបានគិតគូដល់សុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ តាមរយៈការអភិវឌ្ឍមូលដ្ឋាន សម្ភារ ជីវភាព ការចុះសួរសុខទុក្ខដល់អង្គភាពផងដែរ។

ដោយឡែកចំពោះអតីតយុទ្ធជន យុទ្ធនារី ដែលពលីកម្មដ៏ធំធេងចំពោះជាតិ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភគាំទ្រជាច្រើន និងបានកសាងផ្ទះជូនអតីតយុទ្ធជនក្រីក្រ តាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា បានរាប់រយខ្នងនៅតាមសហគមន៍ និងផ្តល់អំណោយសប្បុរសធម៌ ដល់អតីតយុទ្ធជនជាច្រើនទៀតផងដែរ។ ទន្ទឹមនឹងនោះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធនានា បានផ្តល់អាទិភាពដល់​អតីតយុទ្ធជន និង​ក្រុមគ្រួសារ​ក្នុងការទទួលបាននូវសេវាសាធារណៈផ្សេងៗ ​ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល​។

សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា ជាមួយ​សមិទ្ធផលដ៏ធំធេងដែលសម្រេចបាន​លើវិស័យសុខុមាលភាព អតីតយុទ្ធជន និងវឌ្ឍនភាព នៃសមាគមអតីតយុទ្ធជនយ៉ាងណាក៏ដោយ ក៏​អតីតយុទ្ធជននៅមានឧបសគ្គជាច្រើន តម្រូវឲ្យ​ត្រូវតែយកចិត្តទុកដាក់ ដោះស្រាយបញ្ហាទាំងនោះជាបន្តបន្ទាប់ ដោយបន្តពង្រឹង និងពង្រីកសេវាបណ្តុះបណ្តាលជំនាញ និងឥទានជាដើម ដើម្បីឲ្យ​អតីតយុទ្ធជនទទួលបាននូវសមត្ថភាព និងលទ្ធភាព​ដើម្បីអភិវឌ្ឍន៍ជីវភាព ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ក្នុងឱកាសនោះផងដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានឧបត្ថម្ភថវិកាដល់អតីតយុទ្ធជន ចំនួន​១,៨៨៥នាក់ ដោយម្នាក់ៗ​ទទួលបានថវិកា​ចំនួន​៥ម៉ឺនរៀល​។​

យោងតាមរបាយការណ៍របស់ លោកឧត្តមសេនីយទោ ស៊ិន ភាត់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង​សៀមរាប និងជាប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប បានឲ្យដឹងថា បច្ចុប្បន្ននេះ អតីតយុទ្ធជននៅខេត្តសៀមរាបមាន ចំនួន​៦,៥១៥នាក់ ក្នុងនោះគ្រួសារពលី មានចំនួន ១,៩១៥គ្រួសារ, ជនមរណៈមានចំនួន​២០១នាក់, ជនពិការមានចំនួន​២,១២៧នាក់, និវត្តន៍ជនមានចំនួន​២,១១៦នាក់ និងជនបាត់បង់សម្បទាចំនួន​១៥៦នាក់ផងដែរ៕