(ម៉ូស្គូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិរបស់ម្ចាស់ផ្ទះរុស្ស៊ី រកបាន៣ពិន្ទុដំបូង​ នៅថ្ងៃបើកឆាកព្រឹត្តិការណ៍​ FIFA World Cup 2018 ក្រោយយកឈ្នះអារ៉ាប៊ីសាអូឌីត ៥-០​ ដែលទើបបញ្ចប់មុននេះ​ ដោយមានអ្នកទស្សនាផ្ទាល់​ ៧៨០១១នាក់។

ការប្រកួតដែលបានធ្វើឡើងនៅកីឡដ្ឋាន​ Luzhniki ស្ថិតក្នុងទីក្រុងម៉ូស្គូ កីឡាករ​ Yuri Gazinskiy រកបានគ្រាប់ទី១​ នៅនាទីទី១២​ មុនពេលមិត្តរួមក្រុម​ Cheryshev រកបានគ្រាប់ទី២​ នៅនាទីទី៤៣​ ចុងវគ្គទី១ និងគ្រាប់ទី៣ ដោយកីឡាករ Artem Dzyuba នៅនាទីទី៧១ និងគ្រាប់ទី៤​ នៅនាទីទី៩០+១​ និងគ្រាប់ទី៥​ នៅនាទីទី៩០+៤

៣ពិន្ទុនេះដែរបានជួយឲ្យរុស្ស៊ីឡើងទៅឈរនៅកំពូលតារាងនៃពូល A បណ្តោះអាសន្ន មុនពេលអ៊ុយរូហ្គាយប៉ះ អេហ្ស៊ីប នៅម៉ោង៧យប់ស្អែក​ (ម៉ោងនៅកម្ពុជា​) ប្រចាំពូល​ A ដូចគ្នា។

នេះជាមួយប្រកួតដំបូងនៅ FIFA World Cup 2018 ក្នុងចំណោម ៦៤ប្រកួត ដែលនឹងធ្វើឡើងនៅ ១២កីឡដ្ឋាន ស្ថិតក្នុង១១ទីក្រុង ទូទាំងប្រទេសរុស្ស៊ី ដែលចំណាយអស់ទឹកប្រាក់ប្រមាណ ៦៧៨លានដុល្លារ ក្នុងការទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ World Cup លើកទីមួយនេះ៕