(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន៣,១២៣នាក់ បាននាំគ្នាជួបជុំគ្នាពិសារអាហារសាគ្គី ក្នុងន័យរឹងចំណងមិត្តភាព សាមគ្គីភាព ក៏ដូចជាថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យទាំងអស់ បានចូលរួមក្នុងកម្មវិធីមនុស្សធម៌ រួមសុខទុកជាមួយនឹង លោក ហ៊ុន ម៉ានី ផ្ទាល់ និងខិតខំប្រឹងប្រែង ពុះពារគ្រប់ឧបសគ្គ ទៅកាន់ទូទាំងប្រទេស ដើម្បីព្យាបាលប្រជាពលរដ្ឋនៅតាមតំបន់ ទីប្រជុំជន និងដាច់ស្រយ៉ាល។

ពិធី «ជួបជុំអាហារសាមគ្គី និងថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី» ដែលធ្វើឡើងយ៉ាងអ៊ូអរនោះ មានការចូលរួមជាអធិបតីពីសំណាក់ ទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ លោក ហ៊ុន ម៉ានី ប្រកិត្តិយសក្រុមគ្រូពេទ្យស្ម័គ្រ លោក ហ៊ុន ម៉ានី និងជាតំណាងរាស្រ្តនៃកម្ពុជា លោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី រួមនឹងថ្នាក់ដឹកនាំមួយចំនួនទៀត។

នាឱកាសនោះ លោក ហ៊ុន ម៉ានី បានលើកឡើងថា ដោយសារតែមានការខិតខំប្រឹងប្រែង និងពុះពារគ្រប់ឧបសគ្គ ដោយមិនខ្លាចភាពនឿយហត់ ក្រុមគ្រូពេទ្យ ដែលបានខិតខំរយៈពេលជាច្រើនឆ្នាំមកនេះ លោកគ្រូពេទ្យ និងអ្នកគ្រូពេទ្យមិនខ្លាចនឿយហត់ ពេលខ្លះត្រូវក្រោកតាំង​ពីម៉ោង២ម៉ោង៣យប់ ​ដើម្បីជួយជុំគ្នាចេញទៅធ្វើបេសកកម្មនៅតាមខេត្ត ជាពិសេសទៀតនោះ មិនខ្លាចខាតបង់ពេលវេលាដែលត្រូវបំពេញជាមួយក្រុមគ្រួសារ និង​ជាពេលវេលាផ្ទាល់ខ្លួនរបស់យើងនោះ តែដោយសារទឹកចិត្តនឹង​ក្តីស្រលាញ់ និងឆន្ទះ និងយល់ឃើញច្បាស់ពីបេសកកម្ម ហើយជាពិសេសចំពោះប្រជាពលរដ្ឋខ្មែរ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ សុខចិត្តលះបង់ពេលវេលារបស់ខ្លួន ដើម្បីជួយដល់សង្គមជាតិ។

លោក ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណដល់យ៉ាងជ្រាលជ្រៅ​ ចំពោះការយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យទាំងអស់គ្នា ក្នុងការចុះជួយព្យាបាលជូនប្រជាពលរដ្ឋទូទាង១៦រាជធានីខេត្ត មិនថាតំបន់ទីប្រជុំ និងតំបន់ដាច់ស្រយ៉ាងនោះទេ។

សូមជម្រាបជូនថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋរួមនឹងការចែកជូនថ្នាំដោយឥតគិតថ្លៃ បានចំនួន១៦រាជធានីខេត្តហើយ ដោយក្នុងនោះរួមមានខេត្តដូចជា៖ កំពង់ស្ពឺ, កំពង់ធំ, កំពង់ចាម, ព្រៃវែង, តាកែវ, កំពង់ឆ្នាំង, សៀមរាប, បាត់ដំបង, កណ្តាល, ព្រះវិហារ, កំពត, កោះកុង, ព្រះសីហនុ, បន្ទាយមានជ័យ, ស្វាយរៀង និងរាជធានីភ្នំពេញ

សម្រាប់លោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គចិត្ត លោក ហ៊ុន ម៉ានី ក៏បានលើកឡើងផងដែរថា កត្តាសុខសន្តិភាពនាពេលសព្វថ្ងៃនេះ កើតចេញពីថ្នាក់ដឹកនាំកំពូលដែលមាន សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំប្រទេស ហើយក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលមាននៅពេលសព្វថ្ងៃនេះ ក៏កើតចេញមកពីប្រទេសមានសុខសន្តិភាពផងដែរ។

ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី រូបនេះ បន្តថា លោក និងក្រុមគ្រូពេទ្យទាំងអស់ដែលមានវត្តមាននៅទីនេះ បេជ្ញាបន្តចុះជួយព្យាបាលប្រជាពលរដ្ឋនៅតាមនៅតាមបណ្តាខេត្ត ព្រោះចង់ឃើញប្រជាពលរដ្ឋមានសុខភាពល្អ ចៀសឆ្ងាយពីជំងឺគ្រប់ៗគ្នា។

សូមបញ្ជាក់ថារយៈពេល៦៦ខែ (២០១២-២០១៨) នេះជាឆ្នាំទី៦ហើយ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន៣,១២៣នាក់ (បីពាន់មួយរយម្ភៃបីនាក់) ចុះពិនិត្យនិងព្យាល​បាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៥០លើក ក្នុងនោះព្យាលបាលជូន​ប្រជាពលរដ្ឋបានចំនួន៣១២,១៤៥នាក់ ​(សាមសិបមួយម៉ឺន ពីរពាន់ មួយរយសែសិបប្រាំ)៕