(ភ្នំពេញ)៖ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) នៅព្រឹកថ្ងៃទី​១៤ ខែមករា ឆ្នាំ២០១៨នេះ បានរៀបចំការប្រកួតពានរង្វាន់ Cambodia ICT Awards 2018 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត។

វគ្គនេះមានការចូលរួម ប្រកួតរបស់បេក្ខជនចំនួន២០រូប ដែលមកពី២០ស្ថាប័ន/ក្រុមហ៊ុនផ្សេងៗគ្នា។

លោក ស៊ុន រ៉ាពីដ អនុប្រធាន NIPTICT បានថ្លែងឲ្យដឹងថា ក្នុងថ្ងៃនេះ មានបេក្ខជនចំនួន២០រូប ដែលមានលក្ខណៈគ្រប់គ្រាន់ ក្នុងការប្រកួតប្រជែង​ នៅ​ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត។ ក្នុងចំណោមអ្នកទាំង២០រូបនេះ នឹងត្រូវចំរាញ់យកបេក្ខជនចំនួន១២រូបតែប៉ុណ្ណោះ ដើម្បីទៅប្រកួតវគ្គផ្ដាច់ព្រ័ត ហើយ​ក្នុងចំណោមបេក្ខជនទាំង១២រូបនេះ នឹងត្រូវចំរាញ់យកត្រឹមតែ៣រូប តែប៉ុណ្ណោះដែលនឹងត្រូវទទួលជ័យលាភីលេខ១, លេខ២ និងលេខ៣។

លោកបានបន្ថែមទៀតថា ក្នុងឆ្នាំនេះ ការប្រកួតពានរង្វាន់ Cambodia ICT Awards 2018 មានលក្ខណៈពិសេសខុស ពីរាល់ឆ្នាំដោយក្នុងឆ្នាំនេះ អ្នក​ទទួលបានជ័យលាភីលេខ១ នឹងទទួលបានថវិកាចំនួន១ម៉ឺនដុល្លារ, ជ័យលាភីលេខ២ ទទួលបានថវិការ៣ពាន់ដុល្លារ និងជ័យលាភីលេខ​៣​ ទទួលបាន២ពាន់ដុល្លារ។

លោកបានបញ្ជាក់ទៀតថា «ខ្ញុំសូមអំពាវនាវដល់និស្សិត សិក្សាផ្នែក ICT នេះប្រសិនបើពួកគាត់មានគំនិតអាជីវកម្មថ្មី ខាងពួកខ្ញុំនឹងជំរុញឲ្យពួកគាត់​បង្កើត និងអនុញ្ញាតឲ្យយកគំនិតអាជីវកម្មនេះ មកចូលរួមប្រកួតប្រជែង ក្នុងកម្មវិធីពានរង្វាន់ ICT Awards។ មួយវិញទៀត​ការប្រកួតនេះ ជាការប្រកួតពានរង្វាន់ថ្នាក់ជាតិ ដោយមានការទទួលស្គាល់ ក៏ដូចជាជំរុញស្នាដៃរបស់ពួកគាត់ ថែមមួយកម្រិតទៀត និងអាចឈានទៅ ប្រកួតប្រជែង​ពាន់រង្វាន់ ICT ប្រចាំតំបន់អាស៊ាន ព្រមទាំងអាចពង្រីកអាជីវកម្មកាន់តែខ្លាំងក្លាបន្ថែមទៀត»

លោក ឃួន សុភ័ទ្ធ អគ្គនាយកក្រុមហ៊ុន មរកតិចណូឡូជី ថ្លែងឲ្យដឹងថា «សម្រាប់ថ្ងៃនេះផងដែរ ខ្ញុំពិតជាមានរីករាយ ណាស់ដែលក្រុមហ៊ុនខ្ញុំ មានឱ​កាស​ចូលរួមប្រកួតក្នុងកម្មវិធី Cambodia ICT Awards 2018 នេះជាកម្មវិធីដ៏ល្អមួយ ក្នុងការលើកស្ទួយសហគ្រិន ក្នុងផ្នែកបច្ចេកវិទ្យា និងថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ ចំពោះវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលបានរៀបចំ កម្មវិធីពានរង្វាន់នេះឡើង»

លោកបានបញ្ជាក់ទៀតថា «ខ្ញុំសង្ឃឹម១០០ភាគរយក្នុងការ ទទួលបានជ័យលាភី ព្រោះថាក្រុមហ៊ុនបានខិតខំប្រឹងប្រែង និងធ្វើការយ៉ាងផ្ចិតផ្ចង់មែន​ទែន មុននឹងមកប្រកួតនេះឯង»