(ភ្នំពេញ)៖ លោក ​យ៉ែម រចនា បាន​ប្រតិកម្ម​ទៅ​នឹង​ការ​ចោទ​ប្រកាន់​​​រូប​លោក ពាក់​ព័ន្ធ​នឹង​រឿង​ចេញ​សែកស្អុយ និង​​​ច្រាន​ចោល​មួយ​ទៀត ដែល​ចោទ​លោក​ថា​លួច​លក់​ដី​ទៅ​ឲ្យ​មនុស្ស​ទី​៣ នៅ​ក្នុង​​ស្រុក​​កណ្ដាល​ស្ទឹង។ ​រឿង​​នេះលោក​ទទួល​ស្គាល់​ថា ​មាន​​ការ​ជំពាក់​លុយ​កាក់​មែន ប៉ុន្តែ​ដំណើរ​ការ​សង​​ជា​បន្ត​បន្ទាប់ មិន​មាន​​ការ​រអាក់រអួល​ទេ​ ហើយក៏​មិន​មាន​ការ​គេច​ខ្លួន​នោះដែរ​​។

លោក​ចាត់​ទុក​ថា ​​ឈ្មោះ​ អ៉ឹង សុទ្ធី ​​​ចោទ​ប្រកាន់​លើ​រូប​លោក​បែប​នេះ​​ជា​ការ​ផ្សព្វផ្សាយ​បរិហារ​កេរ្តិ៍​​​គ្មាន​ការ​ពិត​ មក​លើ​រូប​លោក​។

លោក ​យ៉ែម រចនា បាន​ឲ្យ​ដឹង​ថា ​លោក​ពិត​ជា​បាន​ខ្ចី​ប្រាក់​ពី​ឈ្មោះ ​អ៉ឹង សុទ្ធី​មែន​​ ប៉ុន្តែ​សាច់​ប្រាក់​សុទ្ធ​​ដែល​ខ្ចី​ពេល​នោះមាន​ត្រឹម​តែ​​​២១៥,០០០​ដុល្លារ (ម្ភៃ​មួយ​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ​អាមេរិក)​​ តែ​ប៉ុណ្ណោះ​​​ បើ​បូក​ជាមួយ​ការ​ប្រាក់​បន្ថែម​ទៀត សរុប​ទាំង​អស់​ចំនួន​ ៣១៥,០០០​ដុល្លារ (​សាម​សិប​មួយ​ម៉ឺន​​ប្រាំ​ពាន់​ដុល្លារ​អាមេរិក)​។ តែ​រូប​លោក​​បាន​សង​រំលួស​​រហូត​ដល់​​សរុប​​​ទឹក​ប្រាក់​ចំនួន​​ ​២២៧,០០០​ដុល្លារ (ម្ភៃ​​ពីរ​​ម៉ឺន​ប្រាំ​ពីរ​​ពាន់​ដុល្លារ​អាមេរិក)​ រួច​មក​ហើយ។ ប្រាក់​នៅ​សល់​លោក​កំពុង​តែ​សង​ជា​បន្ត​បន្ទាប់​​​ដោយ​មិន​បាន​គេច​វេស​ឡើយ។

លោក​បាន​​​​ឲ្យ​ដឹង​ថា ការ​សង​ប្រាក់​​ទៅ​ឲ្យ​ឈ្មោះ​ អ៉ឹង សុទ្ធី ​​គឺ​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​​ចាប់​តាំង​ពី​ថ្ងៃទី​៣ ខែ​​សីហា ឆ្នាំ​២០១៥ រហូត​ដល់​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០១៦ គឺ​មាន​កាល​បរិច្ឆេទ​ និង​​លេខ​សែក​បញ្ជាក់​ច្បាស់​លាស់​ថែម​ទៀត​ផង​។ លោក​​បាន​ពន្យល់​ទៀត​ថា ប្រាក់​នៅ​សល់​មិន​បាន​១០​ម៉ឺន​ដុល្លារ​ទៀត​​ទេ​​។

ទាក់​ទិន​នឹង​រឿង​​ចេញ​សែក​គ្មាន​ប្រាក់​នោះ ​​​លោក​បាន​​ពន្យល់​ថា សែក​នោះ​គ្រាន់​តែ​ជា​​សែក​​សម្រាប់​​តម្កល់​ប្រាក់​​ទុក​ដើម្បី​ឲ្យ​ភាគី​ទាំង​២​មាន​ទំនុក​ចិត្ត​គ្នា គឺ​មិនមែន​សែក​សំរាប់​បើក​លុយ​សុទ្ធ​នោះ​ទេ។ ចំណែក​ការ​សង​ប្រាក់​ជា​បន្ត​បន្ទាប់​​ធ្វើ​ឡើង​​តាម​ដំណាក់​កាល និង​​​​សង​ប្រាក់​នៅ​ក្រៅ​​ប្រព័ន្ធ​សែក​បើក​​លុយ​ក៏មាន​ដែរ​​​​។

លោក ​យ៉ែម រចនា បាន​បញ្ជាក់​ទៀត​ថា ចំពោះ​​ការ​ចោទ​ប្រកាន់​​ទៅ​លើ​រូប​លោកថា ​​បាន​យក​ដី​ទំហំ​៥០​ហិកតា ទៅ​លក់​ឲ្យ​អ្នក​ផ្សេង​នោះក៏​ជា​រឿង​​មិន​ពិត​​នោះ​ដែរ ព្រោះ​ថា​​ប្លង់​កម្ម​សិទ្ធិ​ច្បាប់​ដើម​ ស្ថិត​នៅ​​​ក្នុង​ដៃ​លោក ​អ៉ឹង សុទ្ធី​ រួច​ទៅ​ហើយ តើ​​​ខ្ញុំ​​មាន​​ឯកសារ​​រឹងមាំណា​​​យក​​ដី​ទៅ​លក់ទៀត​?

លោក​បាន​បន្ត​ទៀត​ថា ​​រូប​លោក​មិន​បាន​គេច​វេស​​ ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ប៉ុន្តែ​ឈ្មោះ​ អ៉ឹង សុទ្ធី មិន​ដឹង​មាន​គោល​បំណង​ទុច្ច​រិត​អ្វី ទើប​ដាក់​ពាក្យ​ប្ដឹង​ចោទ​ប្រកាន់​ទាំង​បំពាន​​​បែប​នេះ។ ខ្ញុំ​នឹង​ពិនិត្យ​លទ្ធភាព​តាម​ផ្លូវ​ច្បាប់​ អាច​នឹង​ប្ដឹង​តប​វិញ​៕