(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ និងលោកស្រី រួមជាមួយមន្ត្រីរាជការក្រោមឱវាទ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែ ប្រវែង​៤៦៥​ម៉ែត្រ ទទឹង០៤ម៉ែត្រ ស្ថិតក្នុងភូមិព្រះធាតុ សង្កាត់រលួស។

ក្នុងឱកាសនោះ ​លោកអភិបាលខណ្ឌ និងលោកស្រី បានផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាកសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ជូនចំពោះ​ប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងគិតគូរ ពីតម្រូវការ​បញ្ហា និងការលំបាកនានារបស់ប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន។​

ជាមួយគ្នានេះលោកអភិបាលខណ្ឌ បានទទូចដល់ពលរដ្ឋទាំងអស់សូមអញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

បើតាមលោកអភិបាលខណ្ឌ ផ្លូវបេតុងថ្មី០១ខ្សែ ដែលបើកការដ្ឋានស្ថាបនានៅពេលនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់​ប្រជាពលរដ្ឋទាំងអស់ ក្នុងមូលដ្ឋាន៕