(ភ្នំពេញ)៖ ដើម្បីជំរុញផលិតផលខ្មែរ ឲ្យមានការទទួលស្គាល់ច្រើនលើពិភពលោក កម្ពុជាតាមរយៈសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម និង​ក្រុមហ៊ុនឥណ្ឌាមួយ ឈ្មោះថា «SRAM & MRAM» បានសហការគ្នារៀបចំឲ្យមានប្រព័ន្ធមួយ ដើម្បីលក់ផលិតផលខ្មែរ ទៅទីផ្សារពិភពលោក តាមរយៈប្រព័ន្ធអនឡាញ មានន័យថា អតិថិជននៅក្រៅប្រទេសទាំងអស់ នឹងអាចជាវផលិតផលខ្មែរ បានយ៉ាងងាយស្រួល។

សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម និង​ក្រុមហ៊ុនឥណ្ឌា SRAM & MRAM ក៏បានចុះកិច្ចអនុស្សរណៈយោគយល់គ្នា ទៅលើគម្រោង​​ជំរុញ​​ផលិតផលខ្មែរ ចូលក្នុងទីផ្សារពិភពលោក ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ​២០១៨។ ការចុះអនុស្សរណៈនេះ ធ្វើឡើងដើម្បីបញ្ជូនផលិត​ផលខ្មែរ ទៅកាន់ទីផ្សារពិភពលោក។

លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានថ្លែងឲ្យដឹងថា ការចុះអនុស្សរណៈនេះ ​ជាការជំរុញផលិតផ​ល​ខ្មែរ ឲ្យមានការទទួលស្គាល់កាន់តែច្រើនឡើងៗ មួយវិញទៀតនេះ ជាការធ្វើឡើងស្របទៅនឹង យុទ្ធសាស្រ្ដចតុកោណ របស់រាជរដ្ឋាភិបាល​ ដែលកាត់បន្ថយការ នាំចូលផលិតសម្រេចពីបរទេស ក្នុងទីផ្សារកម្ពុជា។

លោកបានបន្ថែមទៀតថា សម្រាប់ការប្រតិបត្តិនៃការលក់ដូរតាមប្រព័ន្ធអនឡាញនេះ ក្រុមហ៊ុនឥណ្ឌានឹងធ្វើបទបង្ហាញនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ខាងមុខ ដើម្បីឲ្យសាធារណៈដែលមានផលិតផលទាំងអស់ ចូលរួមស្ដាប់ និងយល់ដឹងពីនិតិវិធីក្នុងការនាំផលិតផល ចូលទៅកាន់​​ពិភពលោកតាមប្រព័ន្ធអនឡាញ។

លោកបានបន្ដទៀតថា ​«ខ្ញុំពិតជាមានមោទនៈភាពណាស់ ដែលបានជំរុញផលិតផល SMEs ទៅកាន់ទីផ្សារ​ពិភពលោក និងទៅកាន់បណ្ដាប្រទេសអាស៊ាន»

លោកបានបន្ដទៀតថា «ប្រតិបត្តិការនេះ នឹងចាប់ផ្ដើមនាពេលឆាប់ៗខាងមុខ។ ខ្ញុំជឿជាក់ថា បន្ទាប់ពីចូលក្នុងសមាគមសេដ្ឋកិច្ចអាស៊ាន ​កម្ពុជា នឹងមានសប្បកម្មកែច្នៃ វេចខ្ចប់ដើរតាមស្ដង់ដារ»

លោក Sailesh Lachu Hiranandani ប្រធានក្រុមហ៊ុន SRAM & MRAM បានបញ្ជាក់ថា សម្រាប់ការលក់ផលិតផលនៅប្រព័ន្ធអនឡាញនេះ ក្រុមហ៊ុននឹងរៀបចំឲ្យមានច្រកចេញចូលមួយ សម្រាប់សម្របសម្រួលដើម្បីនាំចេញបាន៕