(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានបន្តអំពាវនាវជាថ្មី ដល់ប្រជាពលរដ្ឋទូទាំងខេត្ដ ត្រូវទៅបោះឆ្នោតទាំងអស់គ្នា ជូនគណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី២០ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

លោកអភិបាលខេត្ត បានអំពាវនាវបែបនេះ ក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «លុបបំបាត់ការបំពុលដោយប្លាស្ទិក» ដែលបានរៀបចំឡើង នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ក្នុងបរិវេណសាលាវិទ្យាល័យឌីប៉ុក ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្លាត់កំពង់បាយ ក្រុងកំពត។

ឆ្លៀតក្នុងឱកាសនោះ លោក ជាវ តាយ ក៏បានអំពាវនាវឲ្យអាជីវករ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ កងកម្លាំងប្រដាប់អាវុធទាំងអស់ សូមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន ព្រោះថង់ប្លាស្ទិកកំពុងធ្វើឲ្យប៉ះពាល់ដល់មនុស្ស សត្វ រុក្ខជាតិ និងភពផែនដីយ៉ាងធ្ងន់ធ្ងរ ដូចជាធ្វើឲ្យបាត់បង់សោភណ្ឌភាពតាមទីក្រុង និងទីប្រជុំជនធ្វើឲ្យស្ទះដល់ប្រព័ន្ធលូបង្ហូរទឹក បង្កជាការជន់លិចពេលរដូចភ្លៀង បំផ្លាញ់ប្រព័ន្ធអេកូឡូហ្សីក្នុងបរិស្ថាន ជាពិសេសប៉ះពាល់ជីវចម្រុះក្នុងទឹក។

យ៉ាងណាក៏ដោយ លោកអភិបាលខេត្ត បានបញ្ជាក់ថា សម្រាប់ខេត្តកំពត មិនទាន់មានបម្រែបម្រួលអាកាសធាតុ ដែលធ្វើឲ្យខូចគុណភាបបរិស្ថានទេ ប៉ុន្តែ ត្រូវតែចូលរួម ថែរក្សាការពារទាំងអស់គ្នា ព្រោះការងារបរិស្ថាន គឺជាកិច្ចការដែលត្រូវបានពិភពលោកកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយតម្រូវឲ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ទាំង សហគមន៍ សង្គមជាតិ និងតំបន់ក្នុងពិភពលោក ត្រូវបន្តចូលរួមពង្រឹងប្រសិទ្ធភាពគ្រប់គ្រប់បរិស្ថាន និងធនធានធម្មជាតិ ខិតខំរកវិធី វិធានការដើម្បីដោះស្រាយឲ្យបានសមស្របដើម្បីរក្សានូវសុវត្ថិភាព នៃភពផែនដី វឌ្ឍនភាពសង្គម និងការរស់នៅដោយចីរភាព។

លោកអភិបាលខេត្ត បានពន្យល់ថា ប្រសិនបើបរិស្ថានខេត្តកំពតស្អាត វាអាចជួយឲ្យជីវភាពប្រជាពលរដ្ឋល្អប្រសើរ តាមរយៈនៃការរកចំណូលដែលបានមកពីទេសចរណ៍ ការប្រើប្រាស់សេវាក្នុងខេត្ត ការលក់ដូរនូវផលិតផលនានា ដែលជាសក្តានុពលដល់ខេត្តទាំងមូលផងដែរ៕