(ពោធិ៍សាត់)៖ ក្រោមកិច្ចសហការរវាងធានាគារអភិវឌ្ឍន៍ជនបទ និងក្រុមហ៊ុនធនាគារស្រូវ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ លោកឧកញ៉ា ភូ ពុយ អគ្គនាយកក្រុមហ៊ុនធនាគារស្រូវ នាព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីសំណេះសំណាល ជាមួយតំណាងសមាជិកសហគមន៍ចំនួន៨ សរុបប្រមាណ៣៥០រូប ស្ថិតនៅក្នុងឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ក្នុងកម្មវិធីសំណេះសំណាល ជាមួយតំណាងសមាជិកសហគមន៍ចំនួន៨ សរុបប្រមាណ៣៥០រូប ខាងលើនេះ មានសមាសភាពអញ្ជើញចូលរួម អាជ្ញាធរមូលដ្ឋាន, តំណាងមីក្រូហិរញ្ញវត្ថុ ឥណទានពលរដ្ឋរុងរឿង, ក្រុមឈ្មួញអ្នកទិញស្រូវ, និងតំណាងក្រុមហ៊ុនជីផងដែរ។

តាមរយៈបទអន្តរាគមន៍របស់លោកឧកញ៉ា ភូ ពុយ ក្នុងកម្មវិធីសំណេះសំណាលនេះ មានគោលបំណងដើម្បីធ្វើការត្រួតពិនិត្យឡើងវិញ នូវយន្តការប្រមូលទិញស្រូវ តាមរយៈទីផ្សារស្រូវ ក្នុងឃុំផ្ទាល់ ដែលក្រុមហ៊ុនធានាស្រូវ បានបង្កើតកាលពីឆ្នាំ២០១៧ ក្រោមកិច្ចសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងស្តាប់មតិយោបល់កែតម្រូវ ក៏ដូចជាសំណូមពររបស់បងប្អូនប្រជាសហគមន៍ផ្ទាល់។

ទន្ទឹមនេះ បន្ថែមពីលើទីផ្សារស្រូវសម្រាប់ប្រមូលទិញស្រូវ ក្រុមហ៊ុនធនាគារស្រូវ បានផ្តល់ជូនបន្ថែមនូវជី ក៏ដូចជាការផ្តល់ឥណទាន ជូនដល់សហគមន៍បន្ថែមទៀត ដើម្បីជំរុញការផលិតស្រូវ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងទិន្នផលច្រើន, ជំរុញឲ្យសហគមន៍ពង្រីកសមាជិកភាពឲ្យបានច្រើន ធ្វើការត៏ភ្ជាប់រវាងសហគមន៍អ្នកផលិតស្រូវ ទៅនឹងទីផ្សារ ដែលមានអ្នកទិញច្បាស់លាស់ សមស្របតាមតំលៃទីផ្សារ, ត្រៀមផែនការ ដើម្បីចុះទិញស្រូវ ដែលជិតប្រមូលផលនាពេលខាងមុខនេះ។

ជាការឆ្លើយតបទៅនឹងបញ្ហាស្រូវ-អង្ករ របស់ប្រជាកសិករ លោក កៅ ថាច បានធ្វើការជម្រាបជូនសមាជិកសហគមន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ លោកបានធ្វើគិតគូរ និងយកចិត្ត ទុកដាក់យ៉ាងខ្លាំង ទោះបីលះបង់ក្នុងតំលៃណាក៏ដោយ ត្រូវធ្វើឲ្យជីវភាពកសិករមានជីវភាពធូរធារ។ ជាក់ស្តែងក្នុងអំឡុងឆ្នាំ២០១៦ តំលៃស្រូវរបស់បងប្អូនប្រជាកសិករ បានធ្លាក់ចុះយ៉ាងខ្លាំង ហើយបានប៉ះពាល់ដល់ជីវភាព របស់ប្រជាកសិករ។

អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ បានបន្ថែមទៀតថា ភ្លាមៗ ប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវយន្តការណ៍អន្តរាគមន៍ លើការដឹកជញ្ជូនស្រូវ កសិផល ដោយមានកិច្ចស្នើសុំសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក ព្រមជាមួយការទំលាក់កញ្ចប់ឥណទាន បន្ទាន់តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីទំលាក់ជូនដល់បណ្តារោងម៉ាស៊ីនទាំងឡាយណា ដែលមានតម្រូវការឥណទាន ក្នុងការប្រមូលទិញស្រូវក្នុងតំលៃទីផ្សារ។

ទន្ទឹមនេះ ជាដំណោះស្រាយយូរអង្វែង រាជរដ្ឋាភិបាលបានទំលាក់នូវឥណទាន ពិសេសមកធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីធ្វើជាប្រតិបត្តិករអនុវត្តគម្រោងផ្តល់ឥណទាន ជូនក្រុមហ៊ុនឯកជនធ្វើការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវបន្ថែមលើសមត្ថភាពដែលមានស្រាប់។

ក្នុងនោះក្រុមហ៊ុន ធនាគារស្រូវនៅតំបន់ខេត្តបាត់ដំបង បានទទួលគម្រោងលើការសាងសង់ឃ្លាំងស្តុកស្រូវចំនួន២សែនតោន និងឡសំងួត៣,០០០តោន ក្នុងមួយថ្ងៃ។ ដោយឡែកនៅតំបន់ខេត្តកំពង់ធំ តាកែវ និងព្រៃវែង ក៏មានឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវ ដែលមានលទ្ធភាពស្តុកស្រូវបាន ៥ម៉ឺនតោន និងឡសំងួតស្រូវ១៥០០តោនក្នុងមួយថ្ងៃនៅតាមតំបន់នីមួយ។

ដូចនេះ បន្ថែមលើសមត្ថភាពឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវ ដែលមានស្រាប់រោងម៉ាស៊ីនកិនស្រូវ ដែលជាដៃគូរបស់ធនាគារអភិវឌ្ឍន៍ជនបទ នឹងមានលទ្ធភាពគ្រប់គ្រាន់ ធ្វើការទិញស្រូវក្នុងតំបន់របស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយតំលៃត្រូវបានធានាតាមតំលៃទីផ្សារ។

បន្ថែមលើនេះ លោកបានជម្រាបជូនប្រជាសហគមន៍ថា រាជរដ្ឋាភិបាលបានមិនត្រឹមតែទំលាក់ឥណទានពិសេស លើផ្នែកសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវនោះទេ ប៉ុន្តែបានទម្លាក់នូវកញ្ចប់ឥណទានពិសេសបន្ថែម ទៀត ដល់ធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីធ្វើការផ្តល់ជូនដល់បណ្តារោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ ដោយដាក់ស្តុកស្រូវធ្វើជាវត្ថុធានាបំណុល ដើម្បីធ្វើការប្រមូលទិញស្រូវ ពីប្រជាកសិករតាមតំលៃទីផ្សារ។

លោក កៅ ថាច ក៏ដូចលោកឧកញ៉ា ភូ ពុយ មានភាពជឿជាក់យ៉ាងមុតមាំថា តាមរយៈយន្តការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញកន្លងមក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងក្រោមកិច្ចសហការល្អ ជាមួយអាជ្ញាធរមូលដ្ឋាន តំលៃស្រូវរបស់ប្រជាកសិករ នៅរដូវប្រមូលផលខាងមុខនេះ និងធានាបានតំលៃទីផ្សារ។

ជាមួយគ្នានោះ លោក កៅ ថាច បានស្នើសុំ និងសំណូមពរដល់បងប្អូនសហគមន៍ និងក្រុមហ៊ុនធនាគារស្រូវ រួមមាន៖

* ធ្វើការពង្រីកសមាជិកភាពឲ្យបានច្រើន និងមានសាមគ្គីភាពជាធ្លុងមួយ ដើម្បីប្រយោជន៍រួម

* អនុវត្តកិច្ចសន្យាកសិកម្មរវាងសហគមន៍ និងក្រុមហ៊ុនឲ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់

* សហគមន៍រៀបចំផែនការ និងតារាងពេលវេលាច្រូតកាត់ស្រូវ ដើម្បីងាយស្រូលលើការដឹកជញ្ជូនមកកាន់ទីផ្សារលក់ និងអាចជៀសវាងបានការទំលាក់តំលៃពីឈ្មួញកណ្តាល ក្នុងករណីស្រូវជន់ខ្លាំង

* ក្រុមហ៊ុនត្រូវចុះមកទិញស្រូវ តាមតារាងច្រូតកាត់ឲ្យបានទាន់ពេលវេលា និងតាមតំលៃទីផ្សារ

* ស្នើសុំឲ្យក្រុមហ៊ុនធនាគារ

ស្រូវ ពង្រីកទីតាំងទទួលទិញឲ្យបានដល់ទីតាំងណា ដែលមិនទាន់មាន និងឲ្យដល់ទីតាំងច្រូតកាត់តែម្តង ដើម្បីសម្រួលកាត់បន្ថយការចំណាយលើការដឹងជញ្ជូនរបស់បងប្អូនសហគមន៍

* ស្នើសុំអាជ្ញាធរមូលដ្ឋានចូលរួមកិច្ចសហការ និងសម្របសម្រួលលើការដឹកជញ្ជូនស្រូវ មកកាន់ទីផ្សារ រោងម៉ាស៊ីនកិនស្រូវ

* ដោយការបោះឆ្នោតជិតមកដល់ លោកស្នើសុំបងប្អូនអញ្ជើញទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខទាំងអស់គ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំយើង ឲ្យបន្តការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដើម្បីសមធម៌ប្រជាជន និងរក្សាស្ថិរភាព សន្តិភាពជាបន្តទៀត៕