(ព្រៃឈរ)៖ រថយន្តសង្គ្រោះបន្ទាន់ចំនួនពីរគ្រឿង ដែលជាអំណោយរបស់ក្រសួងពាណិជ្ជកម្ម ត្រូវបានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃឈរ ធ្វើការប្រគល់ជូនមណ្ឌលសុខភាពឃុំក្រូច និងមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ខេត្កកំពង់ចាម ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការផ្តល់ជូនសេវាសង្គ្រោះបន្ទាន់ និងសេវាថែទាំសុខភាពដែលមានគុណភាព ប្រកបដោយប្រសិទ្ធភាព និងសមធម៌ ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលការណ៍អភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។

ពិធីប្រគល់រថយន្ត ត្រូវបានរៀបចំឡើង កាលពីរសៀលថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម និងមានការចូលរួមពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃឈរ រួមជាមួយ លោក លន់ លឹមថៃ ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម ព្រមទាំងសមាជិកក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្ត សាស្រ្តាចារ្យ គ្រូពេទ្យ គិលានុបដ្ឋាកយិការ និងប្រជាពលរដ្ឋប្រមាណ ៣០០នាក់។

នៅក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានជម្រាបជូនអង្គពិធីអំពីគុណតម្លៃនៃយុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព និងវឌ្ឍនភាពគ្រប់វិស័យ រួមទាំងលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរឹងមាំ ដែលជាបច្ច័យសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងប្រែក្លាយកម្ពុជា ទៅជាប្រទេសមានប្រាក់ចំណូលកម្រិតទាបមធ្យម កាលពីឆ្នាំ២០១៦ ហើយកំពុងបន្តដំណើរក្លាយទៅជាប្រទេសមានចំណូលកម្រិតខ្ពស់ នៅក្នុងឆ្នាំ២០៥០។

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃឈរ ដែលកន្លងមកបានលះបង់កម្លាំងកាយចិត្ត និងបរិច្ចាកទ្រពធន ស្បៀង សម្ភារ បរិក្ខា ដើម្បីធ្វើការអភិវឌ្ឍន៍មូលដ្ឋានភូមិ/ឃុំ ជួយកសាងសមិទ្ធផលទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ព្រមទាំងដោះស្រាយរាល់សំណូមពរ និងទុក្ខលំបាករបស់ប្រជាជន នៅទូទាំងស្រុកព្រៃឈរ។

ទន្ទឹមគ្នានេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃឈរ បានជម្រាបជូនអង្គពិធី អំពីសារៈសំខាន់នៃសន្តិភាព និងការឯកភាពជាតិ ដែលបានផ្តល់ឱកាសជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប បានចូលរួមស្តារ និងកសាងប្រទេសឡើងវិញ រហូតទទួលបានកិត្តិនាមល្បីរន្ទឺនៅលើឆាកអន្តរជាតិ និងមានការទទួលស្គាល់ពីប្រទេសមហាអំណាចធំៗ នៅក្នុងពិភពលោក។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងសមធម៌ តាមរយៈការបង្កើតក្រុមការងារថ្នាក់ជាតិ ដើម្បីចូលរួមអនុវត្តន៍គោលការណ៍អភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣។ ជាក់ស្តែង អំណោយរថយន្តសង្គ្រោះថ្ងៃនេះ គឺជាសាក្ខីភាពដែលបញ្ជាក់ពីការគិតគូររបស់រាជរដ្ឋាភិបាល តាមរយៈក្រុមការងារថ្នាក់ជាតិ ដើម្បីកាត់បន្ថយការចំណាយថ្លៃព្យាបាលរបស់ប្រជាជន នៅពេលមកទទួល និងប្រើប្រាស់សេវាពិនិត្យសុខភាព ជាពិសេសប្រជាជនក្រីក្រ ជនងាយរងគ្រោះ ស្ត្រី និងកុមារ នៅទូទាំងស្រុកព្រៃឈរ ឲ្យបានទាន់ពេលវេលា។

«គោលដៅចម្បងរបស់យើង គឺជួយដឹកជញ្ជូនជនរងគ្រោះ ឬអ្នកជម្ងឺធ្ងន់ស្រាល ដើម្បីសង្គ្រោះជីវិត និងកាត់បន្ថយចំណាយលើថ្លៃព្យាបាល របស់លោកយាយ លោកតា លោកពូ អ្នកមីង បងប្អូន កូនក្មួយ និងប្រជាពលរដ្ឋទាំងអស់» លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់៕