(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ២,៥២៥គ្រឿង រកឃើញល្មើសច្បាប់៤៣៥គ្រឿង (ម៉ូតូ៧៥ភាគរយ) អប់រំ១៨១គ្រឿង និងផាកពិន័យ២៥៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៣ ខែមិថុនានេះ ត្រួតពិនិត្យរួមបានចំនួន ៥៤៧គ្រឿង អប់រំ៤៨គ្រឿង និងផាកពិន័យចំនួន១៦៣គ្រឿង។ ដោយឡែករាជធានីភ្នំពេញឃាត់យានយន្ដបាន ៦៧៣គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៣ ខែមិថុនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៣២,១០៩គ្រឿង រកឃើញយានយន្តល្មើស ៥,៥៤៩គ្រឿង (ម៉ូតូ៧១ភាគរយ) ក្នុងនោះអប់រំ ២,៤៨៦គ្រឿង និងផាកពិន័យ ៣,០៦៣គ្រឿង (ម៉ូតូ៩៩%)៕