(ភ្នំពេញ)៖ ដើម្បីអបអរខួបលើកទី​៦៩​ ទិវាកុមារអន្តរជាតិ​១​មិថុនា​ និងខួបលើកទី១៧ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ​១២​មិថុនា​ និងទិវាកុមារកម្ពុជា​ ឆ្នាំ២០១៨​ នៅព្រឹកថ្ងៃពុធ​១កើត​ ខែបឋមសាឍ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា (កក្រក)​ ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យមន្ត្រីចុះសួរសុខទុក្ខ​ និងឧបត្ថម្ភ​ ថវិកា គ្រឿងឧបភោគ-បរិភោគ​ សម្ភារប្រើប្រាស់​​ និងរៀបចំអាហារថ្ងៃត្រង់ ជាលើកទី​ ៣​ ដែលពិធីនេះ រៀបចំធ្វើជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៦​ មក ជូនដល់កុមារខ្សោយសតិបញ្ញា កុមារពិការ កុមារផ្ទុកមេរោគអេដស៍ កុមារកំព្រា​ គ្រូ​-បុគ្គលិក​ និងអ្នកស្ម័គ្រចិត្តបរទេស​ សរុបចំនួន​ ២២៤នាក់​ នៅក្នុងបុរីទារក​ និងកុមារជាតិ​ ដែលមានទីតាំងស្ថិតនៅ ភូមិគោកចំបក​ សង្កាត់ចោមចៅ​ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងឱកាសសំណេះសំណាល​នោះ លោកស្រី ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​ កក្រក បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើការសួរ​សុខទុក្ខ ក្តីអាណិត ស្រឡាញ់ប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ​ ចំពោះកុមារ​ទាំងអស់​ និងថ្លែងនូវការកោតសរសើរចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់គ្រូ-បុគ្គលិក​ អ្នកស្ម័គ្រចិត្ត ដែលបានយកអស់កម្លាំងកាយ-ចិត្ត​ រួមចំណែកលើកកម្ពស់តម្លៃមនុស្សធម៌របស់មនុស្សជាតិ​ ពិសេសជួយឱ្យកុមារពិការខ្សោយសតិបញ្ញា​ទាំងអស់​ បានរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ​ មានការចិញ្ចឹមបីបាច់​ ផ្តល់ភាពកក់ក្តៅ​ ផ្តល់ការអប់រំ​ ការបណ្តុះបណ្តាលសិល្បៈ​។ល។

ជាមួយគ្នានោះ​ លោកស្រី​ ថោ​ ពៅ ប្រធានបុរីទារក​ និងកុមារជាតិ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខ ផ្តល់ភាពកក់ក្តៅ​ ភាពស្និទ្ធស្នាល​ ក្តីអាណិតស្រឡាញ់​ លើកទឹកចិត្ត​ ហើយបានឧបត្ថម្ភជាបន្តបន្ទាប់​ចាប់តាំងពីឆ្នាំ​ ២០១៦ មក​ និងសូមជូនពរដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានសុខភាពល្អ កម្លាំងមាំមួន អាយុយ៉ឺនយូរ ដើម្បីនៅជាម្លប់ និងផ្តល់ក្តីសង្ឃឹមដល់ជនរងគ្រោះ​ និងងាយរងគ្រោះបំផុត។

សូមបញ្ជាក់ថា​​ អំណោយប្រគល់ជូនបុរីទារក និងកុមារជាតិ​ រួមមាន​ ៖​ អង្ករ​ ២តោន​​ មីយើង​ ៤០កេស​ ត្រីខ​ ៨កេស​ (ស្មើ​ ៨០០កំប៉ុង)​ ទឹកក្រូច​ ១៥កេស​ ទឹកសុទ្ធ​ ១៥កេស​ ទឹកត្រី​ ២៤ដប​ ទឹកស៊ីអ៊ីវ​ ២៤ដប​ ប្រេងឆា​ ២៤ដប​ ម្សៅកូដូម៉ូ ៥កេស​ (ស្មើ​ ៣៦០កំប៉ុង​) ផ្លែប៉ោម​ ២កេស​ នំក្រៀប​ ៨ថង់​ ថវិកា​ ១០លានរៀល​ និងរៀបចំអាហារថ្ងៃត្រង់មួយពេល​ (មាន​ ២៤តុ)។ ដោយឡែក​ សម្រាប់ គ្រូ-បុគ្គលិក​ អ្នកស្ម័គ្រចិត្ត​ ចំនួន​ ៨៤នាក់​ ក្នុងម្នាក់ៗ​ទទួលបាន​ អង្ករ​ ៣០គីឡូក្រាម​ មី​ ១កេស​ ត្រីខ​ ១០កំប៉ុង​ មុង១​ ភួយ១​ សារុង​១​ ក្រមា១​ និងថវិកា​ ១០ម៉ឺនរៀល៕