(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យលោកស្រី Ayda Unlu ឯកអគ្គរដ្ឋទូតតួកគី ដែលទើបតែងតាំងថ្មី ប្រចាំប្រទេសកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ថ្លែងក្នុងជំនួបនោះ លោកស្រី Ayda Unlu បានលើកឡើងថា វត្តមានរបស់លោកស្រីនៅប្រទេសកម្ពុជានេះ នឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា​ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា-តួកគី ឲ្យកាន់តែច្រើនវិស័យបន្ថែមទៀត ដែលមានទាំងវិស័យនយោបាយ វិស័យសេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជន។

បើតាមលោកស្រីឯកអគ្គរដ្ឋទូត រាជរដ្ឋាភិបាលតួកគី បានអញ្ជើញសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ដើម្បីទៅបំពេញទស្សនកិច្ច និងចុះហត្ថលេខា លើកិច្ចព្រមព្រៀងចំនួន៨ តែត្រូវរង់ចាំការសម្រេចរបស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រីជាមុនសិន ប៉ុន្ដែលោកស្រី​​មានបំណងស្នើបន្ថែម​នូវកិច្ចព្រមព្រៀងមួយទៀត គឺ​កិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសន្ដិសុខ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានសម្ដែងនូវការរីករាយ ចំពោះការលើកឡើង​របស់លោកស្រីឯកអគ្គរដ្ឋទូត ដែលចង់បង្កើននូវកិច្ចសហប្រតិបត្តិការលើវិស័យចម្រុះជាច្រើន រួមទាំងវិស័យសន្ដិសុខ។

បើតាមសម្ដេចក្រឡាហោម ស ខេង កម្ពុជាកំពុងតែពិចារណាក្នុងការបង្កើតឲ្យមានទំនាក់ទំនងលើវិស័យសន្ដិសុខនេះផងដែរ ហើយសម្ដេចក៏បានស្នើទៅភាគីតួកគី ប្រសិនបើមានបំណង ឬសំណូមពរអ្វី ដើម្បីបង្កើននូវកិច្ចសហប្រតិបត្តិការនេះ ក្រសួងមហាផ្ទៃស្វាគមន៍ជានិច្ច

យ៉ាងណាមិញ លោកស្រី Ayda Unlu ក៏បានគូសបញ្ជាក់ថា សម្រាប់វិស័យសន្ដិសុខនេះ តួកគីក៏មានបទពិសោធន៍គ្រប់គ្រាន់ណាស់ដែរ ដូចជាការងារបណ្ដុះបណ្ដាល ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ការងារជួញដូរមនុស្ស ពិសេសបញ្ហាប្រយុទ្ធប្រឆាំងភេរវកម្ម ដែលតួរគីសន្យាថា នឹងចែករំលែកដល់កម្ពុជា៕