(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាតំណាងនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ អញ្ជើញប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្ដរស័ក្ដិ គ្រឿងឥស្សរិយយស និងប្រគល់ប័ណ្ណសរសើរជូនថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ស្រុកព្រះនេត្រព្រះ និងក្រុងសិរីសោភ័ណ។

សមាសភាពប្រកាសមុខតំណែង និងឋានន្ដរស័ក្ដិទាំង១១៩នាក់នោះ រួមមាន ប្រកាសមុខតំណែង៥នាក់, បំពាក់ឋានន្ដរស័ក្ដិ១១៤នាក់ ក្នុងនោះ វរសេនីយ៍ទោ៥នាក់, វរសេនីយ៍ត្រី៣នាក់, អនុសេនីយ៍ឯក១៩នាក់, អនុសេនីយ៍ទោ១៩នាក់, អនុសេនីយ៍ត្រី៦៣នាក់, ព្រិទ្ទបាលឯក៥នាក់, បំពាក់មេដា២៦គ្រឿង និងប្រគល់ប័ណ្ណសរសើរ៣នាក់។

ថ្លែងក្នុងឱកាសនោះ ស្របពេលដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលនឹងចូលមកដល់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានបញ្ជាកម្លាំងនគរបាល​ត្រូវបានការពារសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲ្យខាងតែបាន ក្នុងព្រឹត្តិការណ៍បោះឆ្នោតដ៏ធំមួយនេះ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ប៉ែន វិបុល ក៏បាន​ក្រើនរំលឹកដល់កម្លាំងនគរបាលក្រោមបង្គាប់ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ហើយជៀសឲ្យផុត ពីការដាក់វិន័យរបស់ថ្នាក់លើ ដែលកម្លាំងនគរបាលធ្វើកិច្ចការងារ ជាមួយប្រជាពលរដ្ឋប្រព្រឹត្តកំហុសឆ្គង ហើយមានការបង្ហោះតាមបណ្តាញព័ត៌មានសង្គម បង្កឲ្យប៉ះពាល់កិត្តិយសនគរបាលជាតិ។

ការ​ដាក់តឿនពីសំណាក់អគ្គស្នងការរងនគរបាលជាតិ ក្រោយគេមើលឃើញថា ក្នុងរយៈពេលចុងក្រោយនេះ គឺមានកម្លាំងនគរបាលមួយចំនួនតូ​ច បានធ្វើកិច្ចការងារមានកំហុសប៉ះពាល់ ជាមួយប្រជាពលរដ្ឋ ហើយបានរងការបង្ហោះរូបភាពតាមបណ្តាញព័ត៌មានសង្គមកន្លងមកនេះ នូវការរិះគន់ និងប៉ះពាល់សេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ ហើយ​មន្រ្តីនគរបាលដែល​ប្រព្រឹត្តខុសនោះ ត្រូវបានថ្នាក់លើដាក់វិន័យជាបន្តបន្ទាប់នោះហើយផងដែរ៕