(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីទិវាពិភពលោកប្រឆាំងកម្លាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «រួមគ្នា ការពារកុមារ ដើម្បីការអភិវឌ្ឍ គ្រួសារ និងសង្គមជាតិ» ដើម្បីទប់ស្កាត់ និងប្រឆាំងការប្រើប្រាស់កម្លាំង លើកុមារឲ្យកាន់តែមានប្រសិទ្ធិភាពដាច់ខាត។

ក្នុងពិធីនេះដែរ លោកអភិបាលរងខេត្តបានលើកឡើងថា ដើម្បីធ្វើការផ្តល់ឱកាសឲ្យកុមារបានចូលរួម ធ្វើការសម្រេចចិត្ត និងបញ្ចេញមតិយោបល់ គឺមានន័យថា បានលើកកម្ពស់ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងដែលពាក់ព័ន្ធ នឹងតម្រូវការពិតប្រាកដ របស់កុមារដោយផ្ទាល់ និងលើកកម្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងដែលពាក់ព័ន្ធ នឹងតម្រូវការពិតប្រាកដរបស់កុមារ ដែលស្តែងចេញតាមរយៈការផ្តល់នូវសិទ្ធិទាំងបួន របស់កុមារជាអាទិភាពផងដែរ។

លោកបានបន្ថែមថា ការទទួលបានសិទ្ធិទាំងបួន ក្នុងការរស់ប្រចាំថ្ងៃ គឺពិតជាអាចធ្វើឲ្យកុមារចៀសផុតពីការគេងប្រវ័ញ្ចកម្លាំង ពលកម្មទាំងក្នុងគ្រួសារ និងគំនាបពីមជ្ឈដ្ឋានក្នុងសង្គម ដែលសិទ្ធិទាំងនោះរួមមាន សិទ្ធិរស់រានមានជីវិត គឺមានន័យថា ចាប់តាំងពីប្រសូត្រមក កុមារមានសិទ្ធិទទួលបានឈ្មោះមួយស្ថិតក្នុងបញ្ជីជាតិរបស់កម្ពុជា, សិទ្ធិទទួលបានការការពារ គឺកុមារគ្រប់រូបត្រូវបានទទួលការការពារពីក្រុមគ្រួសារ និងសង្គមជាតិ, សិទ្ធិទទួលបានការអភិវឌ្ឍ គឺមានន័យថា កុមារទទួលបានការអប់រំបណ្តុះបណ្តាល ដើម្បីកសាង និងអភិវឌ្ឍន៍ខ្លួន ក្លាយជាកុមារល្អ កូនល្អ សិស្សល្អ មិត្តល្អ និងក្លាយជាពលរដ្ឋល្អនៅពេលអនាគត និងជាពិសេសសិទ្ធិចូលរួម គឺមានន័យថា កុមារទាំងអស់ទទួលបានសិទ្ធិបញ្ចេញមតិយោបល់ ដើម្បីបង្ហាញពីតម្រូវការរបស់កុមារដោយផ្ទាល់ពិតប្រាកដផងដែរ។

ជាមួយគ្នានេះដែរ លោក ទង់ គឹមតុល អភិបាលរងក្រុងស្ទឹងសែនលើកឡើងថា ការដែលក្មួយៗទទួលបានសិទ្ធិទាំងបួននេះទៅបានដោយសារប្រទេសជាតិ មានសុខសន្តិភាព ក្រោមការ ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយហេតុដូចក្មួយៗបានដឹងតាមរយៈការសិក្សា និងការនិយាយប្រាប់ក្មួយពីឪពុក ម្តាយ របស់ក្មួយៗ អំពីរបបប្រល័យពូជសាសន៍ ដែលប្រទេសកម្ពុជាស្ថិតនៅក្រោម ការដឹកនាំដ៏ខ្មៅងងឹត បំបិទសិទ្ធិសេរីភាពគ្រប់ បែបយ៉ាង។

លោកបានបន្តថា ចាំតាំងពីថ្ងៃរំដោះជាតិមក ទើបប្រទេសកម្ពុជាបានរស់ឡើងវិញ ដូច្នេះដើម្បីតបស្នងនូវកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងនាមជាសិស្សត្រូវតែខិតខំប្រឹងប្រែង សិក្សារៀនសូត្រ ដើម្បីក្លាយជាទំពាំងដែលត្រូវស្នងឬស្សី ក្នុងការជួយអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន បន្តទៀត៕