(កណ្តាល)៖ លោក ហ៊ីង ប៊ុនហៀង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រកាសជាថ្មី ប្រឆាំងដាច់ខាតមិនឱ្យមានកើតឡើងបដិវត្តន៍ព៌ណនៅកម្ពុជា និងការពារជាតិសាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដើម្បីសុខសាន្ត របស់ប្រជាពលរដ្ឋ និងប្រទេសជាតិ។

លោក ហ៊ីង ប៊ុនហៀង ប្រធានក្រុមថ្នាក់ជាតិ ប្រចាំស្រុកកណ្តាលស្ទឹង តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងយ៉ាងដូច្នេះ ក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងចុះពិនិត្យមើលសមិទ្ធផលអគារសិក្សាថ្មី២ខ្នង (១ខ្នង៣ជាន់) និង១ខ្នងទៀត២ជាន់ចំណាយថវិកាប្រមាណន២លានដុល្លារអាមេរិក ស្ថិតនៅក្នុងវិទ្យាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ពោធិ៍អណ្តែតដើមឬស ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ស្ថិតក្នុងឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨។

លោក ហ៊ីង ប៊ុនហៀង បានថ្លែងទៀតថា ត្រូវប្រឆាំងដាច់ខាតរាល់ការញុះញង់ របស់ជនអគតិមួយចំនួន ដែលប៉ះពាល់ដល់ដំណើរការបោះឆ្នោត ប្រជាធិប្បតេយ្យនៅកម្ពុជា ត្រូវរក្សាការពារតម្លៃសុខសន្តិភាព និងដំណើរការអភិវឌ្ឍប្រទេស ដែលមាននាបច្ចុប្បន្ននេះ ឱ្យបានដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ ត្រូវប្រឆាំងដាច់ខាតនូវរាល់សកម្មភាពបដិវត្តពណ៌មកពីបរទេស មកសាបព្រួសនៅកម្ពុជា ចូលរួមថែរក្សាសមិទ្ធផលនានា ក្នុងសង្គមជាតិ និងសេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋ ដែលមាននាសព្វថ្ងៃនេះ។

លោក ហ៊ីង ប៊ុនហៀង បានបញ្ជាក់ថា ដំណើរការបោះឆ្នោតសកលអណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅតាមប្រក្រតិទិនរបស់ (គ.ជ.ប) មិនមានការពន្យារពេលនោះទេ។

លោក ហ៊ីង ប៊ុនហៀង បានអំពាវនាវដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូកុំជឿ តាមការឃោសនារបស់ជនអគតិមួយចំនួន សូមអញ្ជើញទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តការគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីជារៀងរហូត ដើម្បីការពារសន្តិភាព បន្តការអភិវឌ្ឍប្រទេសជាតិ ឱ្យឆាប់បានរីកចំរើន ដូចប្រទេសអភិវឌ្ឍន៍នានាលើពិភពលោក។

ក្នុងឱកាសនោះដែរ លោក ហ៊ីង ប៊ុនហៀង បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនវត្ថុអនុស្សាវរីយ៍ ជូនដល់លោកតា លោកយាយជី ក្រុមប្រឹក្សាឃុំ-ស្រុក លោកគ្រូអ្នកគ្រូ យុវជន សិស្សានុសិស្ស ប្រជាពលរដ្ឋ និងកងកម្លាំងមានសមត្ថកិច្ច ដែលបានចូលរួមពិធីផងដែរ៕