(ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តត្បូងឃ្មុំ ពិតជាចង់ចាំជានិច្ចនូវទឹកព្រះទ័យមនុស្សធម៌ សណ្តោសប្រោសប្រណីដល់មនុស្សជាតិ ភាពម៉ឺងម៉ាត់ម៉ត់ចត់ សុភាពរាបសារ ប្រកបដោយភាពឈ្លាសវៃគួរជាទីគោរពប្រតិបត្តិរបស់សម្តេចម៉ែជានិច្ច។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ និងភរិយា បានចូលរួមប្រារព្ធពិធីសូត្រមន្ត ថ្វាយព្រះពរ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា។

ពិធីសូត្រមន្តថ្វាយព្រះពរសម្តេចម៉ែ ព្រឹកមិញនេះ ក៏មានការចូលរួមពីគណៈអភិបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីអ្នកមុខអ្នកការសាលាខេត្ត តាជីយាយជី និងយុវជនកាកបាទក្រហម សរុបប្រមាណ២១១នាក់។
ក្នុងឱកាស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់៨២ យាងចូល៨៣ព្រះវស្សា នៃសម្តេចម៉ែ ព្រះវររាជមាតាជាទីស្រឡាញ់គោរពសក្ការៈ លោក លី ឡេង រួមទាំងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការជុំវិញខេត្ត គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្តកាកបាទក្រហម ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហម និងប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តត្បូងឃ្មុំ សូមបួងសួងប្រសិទ្ធិពរបវរសួស្តីជ័យមង្គល មហាប្រសើរថ្វាយព្រះវររាជមាតាជាតិខ្មែរ ជាព្រះវររាជមាតាដ៏ឆ្នើម ដែលបានផ្តល់គំរូល្អ ជាប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងជាម្លប់ដ៏ត្រជាក់ដល់កូនចៅ ចៅទួត របស់ព្រះអង្គ។

ជាចុងក្រោយ លោក លី ឡេង និងភរិយា បានវេរប្រគេនទិយ្យទាន ទិយ្យវត្ថុ ដល់ព្រះសង្ឃចំនួន៧អង្គ ព្រមទាំងចែកក្រណាត់ស១ដុំ ថវិការ១ម៉ឺនរៀល ដល់យាយជីតាជី និងយុវជនកាកបាទក្រហម ក្នុងម្នាក់១ម៉ឺនរៀលផងដែរ ៕