(ភ្នំពេញ)៖ លោកអភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកកបាទក្រហមកម្ពុជាប្រចាំខណ្ឌ លោកឌី រ័ត្នខេមរុណ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ទាំងអស់ ដែលមានអាយុគ្រប់គ្រាន់ មានសិទ្ធិក្នុងការចូលរួមបោះឆ្នោត សូមមេត្តាទៅបោះឆ្នោតកុំបីខាន ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

ការអំពាវនាវរបស់លោកអភិបាលរង និងជាប្រធានអនុសាខាខាងលើនេះ ធ្វើឡើងក្នុងពិធីចែកអំណោយមនុស្សធម៌សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនពលរដ្ឋក្រីក្រចំនួន៥០គ្រួសារ ដែលរស់នៅតាមបណ្តាភូមិទាំង៨ផ្សេងៗ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ។

លោក ឌី រ័ត្នខេមរុណ បានឲ្យដឹងថា ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ជាប្រទេសកំពុងមានការ លូតលាស់រីកចម្រើនខ្លាំងខ្លា លើដំណើរការអភិវឌ្ឍន៍ផ្សេងៗស្ទើរគ្រប់វិស័យទាំងអស់របស់ប្រទេស ក្រោមការដឹកនាំប្រកបដោយគតិបញ្ញាញាណដ៏វៀងវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលលោកបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយពល ចិត្តគំនិត បូជាសាច់ស្រស់ឈាមស្រស់ ក្នុងការជួយស្រោចស្រង់ប្រទេសមួយនេះ តាំងពីបាតដៃទទេ មកប្រែក្លាយមកជាប្រទេសមួយដែលពិភពលោក ទទួលស្គាល់ និងមានភាពរីកចម្រើនខ្ពស់គួរឲ្យស្ងប់ស្ងែង និងជាទីមោទនះបំផុតសម្រាប់ពលរដ្ឋកម្ពុជាទាំងអស់គ្នា។

លោកបន្តថា ប្រទេសមួយអាចមានការអភិវឌ្ឍន៍បាន លុះត្រាណាប្រទេសនោះ មានសុខសន្តិភាពជាមុនសិន ហើយនាពេលបច្ចុប្បន្ន ប្រទេសកម្ពុជាបានជួបសុខសន្តិភាពពេញលេញអស់ហើយ ដូច្នេះដំណើរការ នៃការអភិវឌ្ឍន៍ប្រទេសក៏អាចមានសន្ទុះស្ទុះឡើងជាបន្តបន្ទាប់ផងដែរ ខណៈដែលបច្ចុប្បន្ន កម្ពុជាមានទាំងអាគារធំខ្ពស់ស្គឹមស្គៃជាច្រើន, ផ្លូវថ្នល់, មន្ទីរពេទ្យ, សាលារៀន, ស្ពានសម្រាប់ឆ្លងកាត់ទឹកស្ទឹងបឹងបួរ និងទន្លេ រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងជាច្រើនទៀតផងដែរ។

ថ្លែងទៅកាន់បងប្អូនពលរដ្ឋទាំង៥០គ្រួសារ ដែលមកទទួលយកអំណោយនៅពេលនេះ លោកអភិបាលរង បានអំពាវនាវដល់បងប្អូនពលរដ្ឋទាំងអស់ សូមកុំជឿរតាមការញុះញង់របស់ជនអគតិ ឬជនមានចេតនាបង្កចលាចលក្នុងសង្គមមួយចំនួនតូច ដែលខិតខំរិះរកគ្រប់វិធីសាស្ត្រធ្វើយ៉ាងណា បងប្អូនប្រជាពលរដ្ឋកើតចិត្តស្អប់ និងរើសអើង ទៅលើគណបក្សនយោបាយមួយ ដែលជាគណបក្សល្អត្រឹមត្រូវ ជួយជ្រោមជ្រែងប្រទេសជាតិឲ្យមានភាពរីកចម្រើនតាំងពីដើមមករហូតមកទល់នឹងបច្ចុប្បន្ននេះ ហើយក៏ជាគណបក្សមួយ ដែលបាននឹងបញ្ចេញនូវរាល់សកម្មភាពរបស់ខ្លួន ច្រើនជាជាងការដើរឃោសនានិយាយបំផុសបំផុលគ្មានមូលបទត្រឹមត្រូវនោះ គឺជាគណបក្សប្រជាជនកម្ពុជា ដែលឈរនៅលេខរៀងទី២០ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុននេះ។

លោកឌី រ័ត្នខេមរុណ ស្នើឲ្យបងប្អូនមេត្តាចូលរួមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាផងដែរ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ។ ហើយការបោះឆ្នោតគាំទ្រជូនគណបក្ស នយោបាយណានោះ វាគឺជាសិទ្ធិរបស់បងប្អូនលើគណបក្សដែលខ្លួនស្រឡាញ់ និងគាំទ្រ ប៉ុន្តែទន្ទឹមនឹងនោះសូមបងប្អូនគិតឲ្យុបានច្បាស់មុនសម្រេចចិត្តបោះឆ្នោតជូន ថាតើ គណបក្សណាដែលនាំមកនូវសុខសន្តិភាព រួមជាមួយការអភិវឌ្ឍន៍ដល់ប្រទេស ជាជាងគណបក្សខ្លះ ដែលបានតែដើរស្រែកថាខ្លួនល្អ តែធាតុពិតពុំដែលបានជួយជ្រោមជ្រែងអ្វីដល់ប្រជាជន និងប្រទេសជាតិទាំងមូលសោះ។

សូមបញ្ជាក់ថា នៅក្នុងពិធីចែកអំណោយមនុស្សធម៌ ជូនចំពោះបងប្អូនពលរដ្ឋក្រីក្រទាំង៥០គ្រួសារខាងលើ គឺក្នុង១គ្រួសារៗ ទទួលបាន៖ អង្ករ ១បាវ ,ទឹកត្រី ១យ៉ួរ ,ទឹកស៊ីអ៉ីវ ១យួរ , ទឹកសុទ្ធ ១យួរ , មី ១កេះ និងគ្រឿងសំភារៈ ផ្ទះបាយ១ឈុត ទេយ្យទាន១កញ្ចប់ រួមទាំងថវិកា៣ម៉ឺនរៀលផងដែរ។

ក្នុងឱកាសដដែលនោះ លោក ឌី រ្ន័តខេមរុណ បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចការសម្តេចតែងតែក្រើនរំលឹក ដល់មន្រ្តីអនុសាខាឲ្យធ្វើយ៉ាងណា ត្រូវយកទុកដាក់ខ្ពស់បំផុតចំពោះប្រជាពលរដ្ឋលើគ្រោះមហន្តរាយ ខ្យល់កន្ត្រាក់ មនុស្សចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋទីទាល់ក្រ អ្នកផ្ទុកមេរោគអេដ៍ ជំងឺអេដ៍ ដោយមិន ប្រកាន់និន្នាកានយោបាយអ្វីឡើយពោលគឺ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សំរាប់មនុស្សគ្រប់ៗគ្នា»៕