(កំពង់ស្ពឺ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីអន្តរាគមន៍ភ្ជួររាស់ដីជូនកសិករក្រីក្រ និងពិនិត្យការអនុវត្ត បង្ហាញគ្រឿងយន្តកសិកម្ម និងឧបករណ៍កសិកម្ម ដែលបានប្រារព្វធ្វើឡើងនៅឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួម ពីសំណាក់លោកអភិបាលខេត្ត, ថ្នាក់ដឹកនាំក្រសួង, ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, អាជ្ញាធរដែនដី ប្រជាពលរដ្ឋ ដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជន យ៉ាងច្រើនផងដែរ។ កម្មវិធីខាងលើនេះ មានគោលបំណងធំៗ ចំនួន៤ចំណុចរួមមាន៖

ទី១៖ ជំរុញ និងលើកទឹកចិត្ត ឲ្យវិស័យឯកជន ឲ្យចូលរួមអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសលើការជំរុញយន្តូបនីកម្មកសិកម្ម។

ទី២៖ ផ្តល់ឱកាសឲ្យវិស័យឯកជន ដែលមានអាជីវកម្មលក់ចែកចាយគ្រឿងយន្តកសិកម្ម និងឧបការណ៍កសិកម្ម បានចូលរួមកាត់បន្ថយការលំបាក របស់ប្រជាពលរដ្ឋដែលខ្វះកម្លាំងពលកម្ម ក្នុងការរៀបចំដីសម្រាប់ធ្វើការដាំដុះ។

ទី៣៖ ដាក់តាំងបង្ហាញគ្រឿងយន្តកសិកម្ម និងឧបករណ៍កសិកម្មទំនើបៗ ទាន់សម័យមានលក្ខណៈសមស្របសម្រាប់ប្រើប្រាស់។

និងទី៤៖ ផ្តល់ឱកាសឲ្យភាគីពាក់ព័ន្ធទាំងអស់ បានជួបប្រជុំពិភាក្សាគ្នា និងស្វែងយល់រាល់ចំណុចខ្លាំង ចំណុចខ្សោយនៃការប្រើប្រាស់គ្រឿងយន្តកសិកម្ម និងឧបករណ៍កសិកម្មទាំងអស់នេះ។

លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាប ដោយសង្ខេបពីស្ថានភាពការងារបង្កបង្កើនផល ជាពិសេសគម្រោងកម្មវិធីអន្តរាគមន៍ ភ្ជួររាស់ដីស្រែជូនកសិករក្រីក្រសម្រាប់ឆមាសទី១ ឆ្នាំ២០១៨ សម្រេចបានចំនួន១៤៧គ្រួសារ ស្មើ៧៥ហិកតា ហើយសកម្មភាពនេះ កំពុងតែបន្ត។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានវិស្វកម្មកសិកម្ម និងវិស័យឯកជន ដែលបានខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ សហការគ្នារៀបចំ ឲ្យមានកម្មវិធីនេះ ដើម្បីអន្តរាគមន៍ភ្ជួររាស់ដីស្រែ ជូនកសិករក្រីក្រដែលខ្វះ មធ្យោបាយកម្លាំងពលកម្ម និងដោះស្រាយបញ្ហា ជូនកសិករបានទាន់ពេលវេលា ទទួលបានលទ្ធផលគួរជាទីមោទនៈ។

លោកបានផ្តល់អនុសាសន៍ ដល់នាយកដ្ឋានវិស្វកម្មកសិកម្មឲ្យខិតខំស្វែងរកដៃគូ ជាមួយវិស័យឯកជន ដើម្បីសហការផ្តល់ការគាំទ្រទាំងធនធាន ចំណេះដឹង និងបទពិសោធន៍ ដើម្បីជួយជំរុញ វិស័យកសិកម្ម ឲ្យមានការ រីកចម្រើនតាមរយៈការប្រើប្រាស់គ្រឿងយន្តកសិកម្ម និងឧបករណ៍កសិកម្មបានសមស្រប។

លោក វេង សាខុន បានលើកឡើងថា នេះគឺជាលទ្ធផលលើកទីមួយ ដែលយើងទទួលបានពីការខិតខំប្រឹងប្រែង ពីគ្រប់ភាគីពាក់ព័ន្ធ ហើយលោកសង្ឃឹម និងជឿជាក់ថា កម្មវិធីនេះ នឹងរីកដុះដាលទូទាំងប្រទេស។

លោកបានបញ្ជាក់យ៉ាងច្បាស់ថា ការចូលរួមរបស់វិស័យឯកជន ក្នុងវិស័យកសិកម្ម គឺមានសារៈសំខាន់ និងចាំបាច់ ជាពិសេសការផ្សព្វផ្សាយ បញ្ចូលបច្ចេកវិទ្យាថ្មីៗ ដូចជាការប្រើគ្រឿងយន្តកសិកម្ម និងឧបករណ៍កសិកម្ម ការផលិតពូជជី និងថ្នាំកសិកម្ម។

លោកថា បើគ្មានធាតុចូលកសិកម្ម ទីផ្សារកសិកម្ម ខ្សែចង្វាក់ផលិតកម្មតម្លៃ និងការធ្វើពាណិជ្ជូបនីយកម្មកសិកម្ម ជាពិសេសគ្មានការចូលរួមគាំទ្រ និងសហការយ៉ាងសកម្មពីវិស័យឯកជន នោះយើងមិនអាចឈានទៅសម្រេច គោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដែរ។

លោកបន្ដថា ហេតុនេះ យើងមិនអាចមើលរំលង និងខ្វះវិស័យឯកជន និងដៃគូអភិវឌ្ឍន៍បានទេ ព្រោះពួកគេបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដែលទាក់ទងនិងការផលិត ការកែច្នៃវិចខ្ចប់ និងស្វែងរកទីផ្សារនាំចេញ។

រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបន្ថែមទៀតថា ការអភិវឌ្ឍគ្រឿងយន្តកសិកម្ម និងឧបករណ៍កសិកម្ម គឺជាដំណោះស្រាយមួយដ៏សមស្រប ចំពោះបញ្ហាកង្វះកម្លាំងពលកម្ម មួយវិញទៀតការប្រើគ្រឿងយន្តកសិកម្ម និងឧបករណ៍ កសិកម្មអាចជួយពង្រឹង និងបង្កើនផលិតភាព ផលិតកម្មធ្វើឲ្យការដាំដុះទាន់ពេលវេលា រួមជាមួយការគ្រប់គ្រងទឹក និងប្រើប្រាស់ជី បានល្អផងនោះ ប្រាកដណាស់ថា ប្រជាកសិករ និងទទួលបានចំណូលខ្ពស់។

បន្ទាប់ពីកម្មវិធីអន្តរាគមន៍ជួយភ្ជួររាស់ដីជូនកសិករក្រីក្រ លោករដ្ឋមន្រ្តី និងសហការរី ក៏បានបន្តដំណើរទៅពិនិត្យលទ្ធផល នៃការអនុវត្តគម្រោងស្តីពី ការជំរុញផលិតកម្មស្បៀង ដែលទទួលបានថវិកាពីរាជរដ្ឋាភិបាលកម្ពុជា នៅភូមិជ្រៃ ឃុំស្វាយចចឹប ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

កសិករ ខៀវ ណាំ បានឲ្យដឹងថា បច្ចុប្បន្ន សហគមន៍ស្វាយចចឹបមានជ័យ កំពុងផលិត ពូជស្រូវសែនក្រអូប និងផ្ការំដួល លក់ជូនអតិថិជន ដែលជាអ្នកផលិតស្រូវចំណីលក់ឲ្យក្រុមហ៊ុន Golden Rice និង APSARA Rice និង រោងម៉ាស៊ីនកិនស្រូវផ្សេងទៀត ក្នុងតម្លៃ ១,៨០០ រៀលក្នុង១ គីឡូក្រាម និងពូជស្រូវ ២,៥០០រៀលក្នុង ១គីឡូក្រាម តាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា។

គម្រោងជំរុញផលិតកម្មស្បៀង ក៏បានជួយសង់ឃ្លាំងស្តុកគ្រាប់ពូជ និងលានហាលសម្ងួតជូនសហគមន៍។ នាឱកាសនេះ លោកស្នើឲ្យគម្រោងបណ្តុះបណ្តាលបច្ចេកទេសដាំដុះ ជ្រើសរើសពូជសុទ្ធ បច្ចេកទេសក្រោយពេល ប្រមូលផល និងការវិចខ្ចប់ឲ្យបានត្រឹមត្រូវ ដើម្បីពង្រីកទីផ្សារពូជស្រូវនាពេលអនាគត។

លោក វេង សាខុន បានលើកឡើងផងដែរថា ក្រោយពេលគម្រោងចប់ សហគមន៍គួរសហការជាមួយវិស័យឯកជន ដើម្បីបន្តសកម្មភាពផលិតពូជស្រូវ ហើយប្រែក្លាយពីសហគមន៍ កសិកម្ម ទៅជាសហគ្រាសផលិត ពូជស្រូវនាពេលអនាគត៕