(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ​ចូលរួមរំលែកទុក្ខចំពោះ​មរណភាពរបស់លោកស្រី សម សុភាព ដែលត្រូវជាភរិយារបស់លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ភរិយា មាតា និងជីដូន ជាទីស្រឡាញ់ និងប្រកបដោយព្រហ្មវិហារធម៌ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា​ លោកស្រី សម សុភាព ជាភរិយារបស់លោក ញឹក ប៊ុនឆៃ ​បានទទួលមរណភាព នៅវេលាម៉ោង ៤៖០០ទៀបភ្លឺ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ បន្ទាប់ពីធ្លាក់ខ្លួនឈឺមួយរយៈ។​

សពលោកស្រី សម សុភាព នឹងត្រូវតម្កល់ធ្វើបុណ្យនៅភូមិគ្រឹះលោក ញឹក ប៊ុនឆៃ នៅផ្ទះលេខ 22G ផ្លូវកែវចិន្តា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ហើយសពនឹងដង្ហែទៅបូជានៅវត្តចំបក់មាស ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នៅថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ០៩៖៣០នាទីព្រឹក៕