(ប៉ៃលិន)៖ មន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ បានសហការរៀបចំសិក្ខាសាលា ស្តីពីការអភិវឌ្ឍដំណាំស្វាយកែវរមៀតកម្ពុជា ឆ្ពោះទៅកាន់ទីផ្សារពិភពលោក ដល់សមាគមន៍កសិករ ដែលជាអ្នកដាំ​ស្វាយកែវរមៀត ប្រមាណជាង​៣០០នាក់ ក្នុងខេត្តប៉ៃលិន។

សិក្ខាសាលានេះ ត្រូវបានរៀបចំធ្វើឡើង ដោយទទួលបានការឧបត្ថម្ភទាំងថវិកា និងអ្នកជំនាញបច្ចេកទេស​មកពីក្រុមហ៊ុន NPT ប្រទេសថៃ ដែលជាក្រុមហ៊ុនទទួលទិញផ្លែស្វាយកែវរមៀត ពីខេត្តប៉ៃលិន។

លោក ធូ ភា អភិបាលរងខេត្តប៉ៃលិន បានលើកឡើងថា ​ការពង្រឹងគុណភាព ក្នុងការផលិតកសិផល គឺពិតមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់កសិកផលណា ដែល​មានបំណងនាំចេញទៅលក់នៅក្រៅប្រទេស ហើយសម្រាប់ការបើកវគ្គសិក្ខាសាលា ស្តីពីការអភិវឌ្ឍដំណាំស្វាយកែវរមៀតកម្ពុជា ឆ្ពោះទៅកាន់ទីផ្សារពិភពលោក​នេះ គឺពិតជាបានផ្តល់នូវបទពិសោធន៍ និងបច្ចេកទេស ដល់កសិករដែលដំណាំផ្លៃស្វាយកែវរមៀត នៅ​ខេត្តប៉ៃលិន។

បន្ថែមពីនេះ លោកក៏បានជំរុញ​មន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេស​មន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវខិតខំផ្តល់ប្រឹក្សា និងបច្ចេកទេស​ដល់ប្រជាកសិករ ដើម្បីឲ្យអ្នកដាំដុះដំណាំ ធ្វើទៅតាមតម្រូវការទីផ្សារ​ទាំងក្នុងស្រុក និងក្រៅស្រុក ជៀសវាងការទម្លាក់តម្លៃ ដោយសារ​បញ្ហាគុណភាព ​ព្រោះថាកន្លងមក​កសិករ​តែងតែធ្វើកសិកម្ម ដោយផ្សងព្រេង និងប្រថុយប្រថាន គឺកសិកម្មយថាផល គ្មានមូលដ្ឋានច្បាស់លាស់ មានបញ្ហាប្រឈមច្រើន ដែលនាំឲ្យជីវភាពរបស់កសិករ​មិនបានប្រសើរឡើង។​

ជាមួយគ្នានេះ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានបញ្ជាក់ថា ការផលិតកសិផលរបស់ប្រជាកសិករនៅក្នុងខេត្តប៉ៃលិន ភាគច្រើន គឺមិនបានយកចិត្តទុកដាក់ចំពោះគុណភាព ដែលតម្រូវទៅតាមទីផ្សារ ដូច្នេះពួកគាត់តែងតែជួបប្រទះនូវផលវិបាក ចំពោះទីផ្សារនៅក្រៅប្រទេស ធ្វើឲ្យតម្លៃកសិកផលមានការធ្លាក់ចុះ។​

យ៉ាងណាមិញ លោក ​សុខ សាធីម ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ក៏បានឲ្យដឹងដែរថា ទីផ្សារកសិផលរបស់ខេត្តប៉ៃលិន ក៏ដូចជាទូទាំងប្រទេស គឺភាគច្រើន​ពឹងផ្អែកទៅលើទីផ្សារក្រៅប្រទេស ដូច្នេះការពង្រឹងគុណភាព សម្រាប់ការផលិតកសិផលសម្រេច គឺជាបញ្ហាចម្បងដែល​ត្រូវរួមគ្នាដោះស្រាយ នៅក្នុងបរិបទ នៃទីផ្សារប្រកួតប្រជែង។​

សូមបញ្ជាក់ថា​ នៅឆ្នាំ២០១៨នេះ ខេត្តប៉ៃលិន បានដាំដុះដំណាំផ្លែស្វាយកែវរមៀត ចំនួន​៤,៥៦៥ហិចតា ហើយបាននាំចេញទៅលក់នៅប្រទេសថៃ ផ្លែស្វាយកែវរមៀតបរិភោគ ចំនួន​២៤,០០០តោន និងផ្លៃស្វាយកែវរមៀត ចំនួន​៤៨,០០០តោន៕