(ភ្នំពេញ)៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើងថា ប្រទេសដែលប្រកាន់របបដឹកនាំតាមបែបប្រជាធិបតេយ្យ អ្នកធ្វើនយោបាយត្រូវមានអធ្យាស្រ័យខាងនយោបាយ ឱ្យគ្នាទៅវិញទៅមក។ បក្សប្រឆាំង ត្រូវទុកឱកាសបក្សឈ្នះឆ្នោតដឹកនាំប្រទេស និងត្រូវចេះទទួលស្គាល់ការពិតត។ នេះបើតាម សេចក្តីប្រកាសរបស់គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។

ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានលើកឡើងបែបនេះ នៅក្នុងពិធីបញ្ជ្រាបការយល់ដឹងពីច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគ.ជ.ប និងច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ជូនដល់សិស្ស និស្សិត គរុសិស្ស គរុនិស្សិត និងសាស្រ្តាចារ្យ ១៧០០នាក់ នៅវិមានចម្រើនសេរីមង្គល ខេត្តបាត់ដំបង កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨។

លោក ស៊ិក ប៊ុនហុក បានបញ្ជាក់ថា ក្នុងប្រទេសប្រជាធិបតេយ្យ គណបក្សដែលទទួលបាន សំឡេងភាគតិចនៅក្នុងរដ្ឋសភា មានតួនាទីជាអ្នករិះគន់ការដឹកនាំរបស់គណបក្ស ដែលមានសំឡេងភាគច្រើន ឬគណបក្សដឹកនាំរាជរដ្ឋាភិបាល ប៉ុន្តែការរិះគន់នោះត្រូវធ្វើឡើងក្នុងន័យស្ថាបនា ដោយមានការគោរពគ្នាទៅវិញទៅមក ការជេរប្រមាថគ្នាមិនមែនជាការទិតៀនស្ថាបនាទេ។

លោក ស៊ិក ប៊ុនហុក ក៏បានលើកឡើងផងដែរថា លទ្ធិប្រជាធិបតេយ្យ គឺជាទម្រង់គ្រប់គ្រងរដ្ឋដោយប្រជាពលរដ្ឋ មានន័យថា អ្វីៗដែលរដ្ឋាភិបាលបានធ្វើ ត្រូវស្របតាមច្បាប់ និងឆន្ទៈរបស់ប្រជាពលរដ្ឋ។ លក្ខណៈពិសេសរបស់លទ្ធិប្រជាធិបតេយ្យ គឺសិទ្ធិសេរីភាពបុគ្គល មានគណបក្សនយោបាយច្រើន មានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ មានពហុនិយម និងអធ្យាស្រ័យគ្នាទៅវិញទៅមក មានការផ្ទេរអំណាចដោយសន្តិវិធី រដ្ឋាភិបាលត្រូវអព្យាក្រឹតផ្នែកនយោបាយ បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ដោយមិនរើសអើង ការបែងចែកអំណាចមាន៣ ដាច់ពីគ្នាមានទំនាក់ទំនងល្អរវាងអ្នកដឹកនាំ និងម្ចាស់ឆ្នោត និងមាននីតិរដ្ឋ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គ.ជ.ប៖