(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ នៃអធិការខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការខណ្ឌ បានបើកប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេត រហូតកំណត់មុខសញ្ញាជួញដូរ និងប្រើប្រាស់ និងធ្វើការចាប់ខ្លួនជនសង្ស័យ ដែលកំពុងធ្វើសកម្មភាពលក់ជាក់ស្តែង រួមជាមួយនិងគ្រឿងញៀនចំនួន១១កញ្ចប់ ដែលកម្លាំងនគរបាលដកហូតបាន។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក សាន ប៉ែត នាយប៉ុស្តិ៍ចោមចៅ២ បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ រ៉ា វិន អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិចោមចៅ២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

លោក បានបញ្ជាក់ថា មុននិងឈានដល់ការចាប់ខ្លួនសង្ស័យខាងលើ ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋថា មានមុខសញ្ញាជក់ និងលក់ដូរថ្នាំញៀនដ៏សកម្ម កំពុងតែធ្វើសកម្មភាពជារៀងរាល់ថ្ងៃ ក្រោយពីទទួលបាន ភ្លាមៗនោះ កម្លាំងប៉ុស្តិ៍នគរបាលចោមចៅ២ បានធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ អស់រយៈពេលជាច្រើនថ្ងៃ រហូតកំណត់មុខសញ្ញាច្បាស់លាស់ហើយនោះ ទើបកម្លាំងប៉ុស្តិ៍ធ្វើការចាប់ខ្លួន ជនសង្ស័យកំពុងជួញដូរ ជាក់ស្តែង និងឆែកឆេររកឃើញថ្នាំប្រភេទម៉ាទឹកកក ចំនួន១១កញ្ចប់ផងដែរ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួនមកកាន់ប៉ុស្តិ៍នគរបាលចោមចៅ២ ដើម្បីសួរនាំ និងបញ្ជូនបន្តទៅកាន់ ការិយាល័យជំនាញទទួលផែនគ្រឿងញៀន នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមនីតិវិធីច្បាប់៕