(ភ្នំពេញ)៖ គណៈសង្ឃនាយក នៃព្រះរាជា​ណាចក្រកម្ពុជា នន្ទ ង៉ែត នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ បានផ្ញើសារលិខិតថ្លែងអំណរគុណ ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានផ្ដល់អនុសាសន៍ឲ្យបញ្ចប់អធិករណ៍ក្នុងពុទ្ធសាសនា ដែលបានកើតឡើងនៅខេត្តបន្ទាយមានជ័យ រវាងភិក្ខុមួយអង្គ និងនារីម្នាក់។

យោងតាមសារលិខិតថ្លែងអំណរគុណ សម្ដេចសង្ឃ នន្ទ ង៉ែត បានមានសង្ឃដីកាយ៉ាងដូច្នេះថា «ក្នុងនាមគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាថេរានុត្ថេរៈគ្រប់អង្គទូទាំងប្រទេស សូមចម្រើនពរ សម្ដែងនូវមនោសញ្ចេតនា ប្រកបដោយការអរគុណ និងការដឹកគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីរំលត់អធិករណ៍ក្នុងពុទ្ធសាសនា ដែលបានកើតឡើងនៅខេត្តបន្ទាយមានជ័យ រវាងភិក្ខុមួយអង្គ និងនារីម្នាក់»

សម្ដេចសង្ឃ នន្ទ ង៉ែត បានចាត់ទុក្ខប្រកាសណែនាំរបស់សម្ដេចតេជោ ពិតជាមានតម្លៃធំធេងពុំអាចកាត់ថ្លៃបានឡើយ ហើយអាចរំលត់នូវអធិករណ៍នេះ ឲ្យស្ងប់រម្ងាប់ទាំងស្រុង និងពិតជាការនាំមកនូវការលើកដម្កើន និងការការពារតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងបានលើកដម្កើន និងការពារតម្លៃស្ដ្រីខ្មែរ ដ៏ល្អផូរផង់យូរលង់ណាមកហើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៦ ពីកំពង់ចាម ទៅខេត្តសៀមរាប សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យបញ្ចប់រឿងអាស្រូវមួយនេះ ហើយសម្ដេចក៏បានស្ដីបន្ទោសយ៉ាងខ្លាំងៗ ទៅលើលោក ផែង វណ្ណៈ និងលោក ខាន់ ចាន់សុផល ដែលលើករឿងនេះមកវែកញែកកាន់តែខ្លាំងឡើងៗ៕