(ភ្នំពេញ)៖ ដើម្បីសម្រួលដល់អ្នក ដែលមានកម្រិតជីវភាពមធ្យម រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀប​ចំបទប្បញ្ញត្ដិនានា ដើម្បីធានាឲ្យការអភិវឌ្ឍន៍បុរីសាងសង់ផ្ទះល្វែងទាំងអស់ មានសាងសង់នូវផ្ទះតម្លៃសមរម្យស្មើនឹង៣០ភាគរយគម្រោង ដើម្បីអាចឲ្យអ្នកមានចំណូលមធ្យមទិញរស់នៅបាន។

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត បានថ្លែងក្នុងកម្មវិធី The Perspectives Cambodia Talk នៅថ្ងៃទី១០ ខែមីថុនា ឆ្នាំ២០១៨ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំគោលយោ​បាយថ្មីមួយ គឺការអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យ ក្នុងន័យទាក់ទាញវិនិយោគឯកជន និងការវិនិយោគរបស់រដ្ឋ។

លោកបានបន្ដទៀតថា បច្ចុបន្ននេះក្រសួងបានកំពុងធ្វើការវិនិយោគជាមួយវិស័យឯកជន ដោយតម្រូវឲ្យមានសាងសង់លំនៅដ្ឋាន ដែលមានតម្លៃថោក ដោយខាងក្រសួងមិនយកពន្ធ ទៅលើតម្លៃសាងសង់, ថ្លៃសេវា ព្រមទាំងរួមសហការធ្វើហេដ្ឋារចនាសម្ព័ន្ធ បណ្តាញលូផ្លូវ ដល់គម្រោងដោយឥត​គិត​ថ្លៃ។ ប៉ុន្ដែការសាងសង់នេះ ម្ចាស់គម្រោងរបស់ឯកជន ត្រូវសងត្រឡប់មកវិញ គឺតម្រូវឲ្យសាងសង់ផ្ទះមានតម្លៃទាប និងដាក់ប្រកាសលើគម្រោង​នោះ ឲ្យអ្នកដែលគ្រោងនឹងទិញ ដឹងអំពីការបង់ប្រាក់ មានន័យថា អ្នកទិញត្រូវមានសិទ្ធិបង់ប្រាក់ចំនួនសមស្របមួយ បង់មិនឲ្យលើសភាគរយនៃចំណូល​ប្រាក់ខែ ហើយក្នុងករណីខ្ចីលុយមកទិញ មិនត្រូវឲ្យយកការប្រាក់ខ្ពស់នោះឡើយ។

លោកបានបញ្ជាក់ទៀតថា «នេះជាការជួយសម្រួលមួយ ហើយមិនមែនគ្រាន់តែជួយសម្រួល ក្នុងតម្លៃផ្ទះឲ្យថោកតែប៉ុណ្ណោះទេ ជួយទាំងការកំណត់ការ​ប្រាក់មិនឲ្យថ្លៃពេកជាដើម។ ដូចអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយថា បច្ចុប្បន្ននេះបុរីមួយចំនួនតម្លៃសមរម្យ ប៉ុន្ដែអ្វីដែលធ្វើឲ្យពិបាកនោះ គឺអត្រាការ​ប្រាក់នេះឯង...ឥឡូវនេះខាងក្រសួងកំពុងរុញគោលនយោបាយនេះ។ គោលដៅនាពេលខាងមុខទៀត ក្រសួងនឹងបង្ខំឲ្យអ្នកអភិវឌ្ឍន៍បុរីទាំងអស់ សាងសង់ផ្ទះដែលមានតម្លៃទាបចំនួន៣០%នៃគម្រោង ដែលមានតម្លៃក្រោម៥ម៉ឺនដុល្លារ ធ្វើឲ្យអ្នកដែលមានជីវភាពខ្ពស់ កណ្ដាល និងទាបរស់នៅជាមួយគ្នា ដោយគ្មានការបែងចែកតំបន់»៕

សូមទស្សនាវីដេអូទាំងស្រុង៖