(ក្រចេះ)៖ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធជាមួយករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន និងវត្ថុតាងមួយចំនួន ស្ថិតក្នុងភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។

បើតាមមន្ដ្រីនគរបាល បានឲ្យដឹងថា កម្លាំងរបស់លោក សហការជាមួយកម្លាំងនគរបាលស្រុកឆ្លូង ក្រោមការចង្អុលណែនាំរបស់លោកឧត្តមសេនីយ៍ទោ លន់​ សុផាត​ ស្នងការនគរបាលខេត្ត​ និងលោក​ កែវ​ សុជាតិ ព្រះរាជ អាជ្ញា អមសាលាដំបូងខេត្ត និងដឹកនាំផ្ទាល់ដោយលោក​ ជា​ សុភក្រ្ត័​ ព្រះរាជអាជ្ញារង​ បានចុះបង្រ្កាបករណី​ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ​និងឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយគ្រឿងញៀនចំនួន៣កញ្ចប់។

លោក ឆុង តូរ៉ាន់ អធិការនគរបាលស្រុកឆ្លូង បានឲ្យដឹងថា ការឃាត់ខ្លួន បានជនសង្ស័យម្នាក់ ខាងលើនេះ ឈ្មោះ​ មីន​ គ្រីយ៉ា​​ ភេទប្រុស​ អាយុ​២៩ឆ្នាំ​ ជនជាតិខ្មែរអ៊ីស្លាម​ មានទីលំនៅចំណុចភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។

លោក ឆុង តូរ៉ាន់ បានបញ្ជាក់ថា ក្នុងនោះដកហូតបានសម្ភារវត្ថុតាងមួយចំនួនរួមមាន៖ ម្សៅក្រាមពណ៌ស​ សង្ស័យជាគ្រឿងញៀនចំនួន​៣កញ្ចប់ (ធំ២​ និងតូច១)​ និងថងសម្រាប់ច្រក រំលែកគ្រឿងញៀនមួយចំនួនធំ​, ទុយោសំរាប់ចូករំលែកគ្រឿងញៀនចំនួន២​ និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន​ ជាមួយដាវសាំម៉ូរ៉ៃចំនួន​២ដើម​, ម៉ូតូចំនួន​១គ្រឿង​ និងទូរស័ព្ទដៃចំនួន១គ្រឿង។​

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃុំនៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីចាត់តាមផ្លូវច្បាប់៕