(កណ្ដាល)៖ អនុប្រធានគណៈពង្រឹងស្រុកស្អាង និងជាប្រធានគណៈពង្រឹងឃុំតាលន់ ស្រុកស្អាង ខេត្ដកណ្ដាល លោក ជា រតនា បានប្រជុំដាក់ចេញផែនការយុទ្ធសាស្ត្រមួយចំនួន ដល់ថ្នាក់ដឹកនាំបក្សក្នុងឃុំតាលន់ទាំងមូល ដើម្បីឈានទៅដណ្តើមជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ ដែលនឹងចូលមកដល់នៅថ្ងៃទី២៩​ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

ក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនៅថ្ងៃទី១០ ខែមិថុនានេះ លោកជា រតនា បានលើកឡើងថា បើទោះបីគណបក្សប្រជាជនកម្ពុជា បានសាងគុណសម្បត្តិច្រើនឥតគណនា សម្រាប់ជាតិមាតុភូមិ ពិសេសការកសាងបានសន្តិភាព សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសយ៉ាងណាក្តី តែទំនួលខុសត្រូវ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ត្រូវតែបន្តជាប់ជាប្រចាំមិនអាចខកខានបាន ក្នុងមួយវិនាទីណាមួយនោះឡើយ ។

លើសពីនេះ លោក ជារតនា «ក៏ជំរុញដល់មូលដ្ឋានរបស់ខ្លួន ត្រូវសកម្មក្នុងការចុះជួយដោះស្រាយ បញ្ហាប្រជាពលរដ្ឋដែលកំពុងតែបានប្រឈម ឲ្យបានទាន់ពេលវេលា ក្នុងនាមយើងជាអ្នកបម្រើប្រជាពលរដ្ឋ គឺត្រូវបន្តសាងអំពើល្អសម្រាប់ប្រជាជន ការប្រឹងប្រែងដោះស្រាយទុក្ខលំបាករបស់ប្រជាជន ជួយឲ្យប្រជាជនមានជីវភាពកាន់តែល្អប្រសើរ ។ដូច្នេះពេលប្រជាជនយើង ត្រូវបន្ដបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា គឺដូចនឹងទៅបោះឆ្នោតឲ្យខ្លួនឯងឈ្នះ និងបន្ដរស់នៅបានសុខសាន្ដ ដល់កូនចៅយើងជំនាន់ក្រោយៗទៀត»

ទន្ទឹមនឹងនោះ លោកក៏បានណែនាំថ្នាក់ដឹកនាំក្នុងខេត្តឲ្យបន្តពន្យល់ប្រជាពលរដ្ឋពី សារៈសំខាន់នៃការបោះឆ្នោត និងណែនាំឲ្យពួកគាត់ចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ៕