(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញធ្វើបាឋកថាក្រោមប្រធានបទ «កាលានុវត្តភាព និងការប្រឈមក្នុងដំណើរការកសាងជាតិ» ជូនយុវជនដែលជានិស្សិត​មក គ្រឹះស្ថានឧត្តមសិក្សានានា ដោយមានទាំង​ការនិមន្តរបស់សមណនិស្សិត នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។ វេទិកានេះ ត្រូវបានរៀបចំដោយ The Perspectives Cambodia Talk ដែលជាស្ថាប័នសង្គមមួយ មានបេសកកម្មបណ្តុះវប្បធម៌ នៃការជជែក ការពិភាក្សា និងការចែករំលែកដ៏ត្រឹមត្រូវ។​

នៅក្នុងបទបឋកថានេះ លោក វង្សី វិស្សុត បានលើកឡើងថា កម្ពុជាជាប្រជាជាតិមួយ ដែលមានប្រវត្តិសាស្រ្តយូរលុង និងមានភាពចំណាស់ជាងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ តែប្រជាជាតិមួយនេះ បានជួបប្រទះទាំងភាពរុងរឿង ទាំងការធ្លាក់ចុះដុនដាប រហូតស្ទើរតែបាត់ឈ្មោះពីផែនទី។ ភាពរុងរឿង របស់កម្ពុជា បានចាប់ផ្តើមពីរាជ្យរបស់ព្រះបាទសុរិយវរ្ម័នទី២ ដែលជាការចាប់ផ្តើមនៃសម័យអង្គរ បន្ទាប់ពីព្រះអង្គបានធ្វើការបង្រួបបង្រួមជាតិរវាងចេនឡាដីគោក និងចេនឡាលិចទឹក រហូតដល់រាជ្យនៃព្រះបាទជ័យវរ្ម័នទី៧ ដែលជាចំណុលកំពូលបំផុត នៃសម័យមហានគររបស់កម្ពុជា។ ប៉ុន្តែកម្ពុជាបានធ្លាក់ចុះដុនដាប ស្ទើតែរលាយឈ្មោះប្រទេសពីផែនទីពិភពលោក នៅក្រោយសម័យអង្គរ រហូតដល់សម័យអាណានិគមនិយមបារាំង។​ ពិតណាស់ថា ​វ​ត្តមាន​នៃអាណានិគមនិយមបារាំងនៅកម្ពុជា បានជួយការពារកម្ពុជាពីការឈ្លានពាន ពីសំណាក់ប្រទេសជិតខាងក៏ពិតមែន ​ប៉ុន្តែបារាំង​​បានប្រព្រឹត្តនូវអំពើបាបមួយចំនួន មកលើកម្ពុជាផងដែរ។

លោកបានបន្តថា កម្ពុជាបានចាប់ផ្តើមងើបឡើងវិញ ជាប្រជាជាតិមួយ នៅក្នុងសម័យសង្គមរាស្រ្តនិយម។ តែគួរឲ្យសោកស្តាយណាស់ ដែលប្រជាជាតិនេះ បានចាប់ផ្តើមវិនាសហិចហោចជាបណ្តើរៗ ដោយសារភ្នក់ភ្លើងសង្រ្គាម នៅក្នុងរបបលន់ នល់ ហើយបន្ទាប់មកប្រជាជនខ្មែររាប់លាននាក់ ត្រូវបាត់បងជីវិត និងមូលដ្ឋាន នៃប្រទេសជាតិទាំងមូល ក៏ត្រូវបានបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុង ដល់ចំណុចសូន្យ នៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

ការចាប់ផ្តើមកសាងប្រទេសឡើងវិញពីបាតដៃទទេ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ គឺបានជួយធ្វើឲ្យប្រជាជាតិក៏កំសត់មួយនេះ បា​នរស់ឡើងវិញ ទោះបីមានការហ៊ុព័ទ្ធសេដ្ឋកិច្ច និងនយោបាយពីសំណាក់ប្រទេសមហាអំណាចក្តី។ ដំណើការស្តារ និងកសាងប្រទេសឡើងវិញ ក្នុងពេលនោះ ក៏បាននាំទៅដល់ការចាប់បដិសន្ធិ នៃរាជាណាចក្រជាលើកទី២ ក្នុងឆ្នាំ១៩៩៣ ដែលជាបរិបទមួយដ៏សំខាន់ នៅប្រវត្តិសាស្រ្តរបស់កម្ពុជា។ ក្រៅពីការបង្រួមបង្រួមជាតិ និងការស្វែងរកនូវសន្តិភាព, ប្រជាជាតិមួយនេះ បានចាប់ផ្តើមធ្វើការកែប្រែនូវប្រព័ន្ធនយោបាយ ក្នុងការគ្រប់គ្រងប្រទេស ពីបែបសង្គមនិយមទៅជារបបប្រជាធិបតេយ្យសេរីពហុបក្ស និងពីសេដ្ឋកិច្ចបែបផែនការ ទៅជាសេដ្ឋកិច្ចទីផ្សារ រួមទាំងការបន្តទទួលស្គាល់កម្មសិទ្ធិឯកជន ដែលបានអនុវត្តតាំងពីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា។

ការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងប្រទេសយ៉ាងគំហុកបែបនេះ បាននាំឲ្យកម្ពុជាត្រូវជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ដោយសារម្យ៉ាងកម្ពុជាខ្វះធនធានមនុស្ស ហើយម្យ៉ាងទៀត សមត្ថភាពស្ថាប័នក៏នៅទន់ខ្សោយនៅឡើយ ក្នុងខណៈដែលហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងសង្គម ក៏ត្រូវរងនូវភាពខ្ទេចខ្ទាំដោយសារសង្រ្គាម និងជម្លោះផ្ទៃក្នុង។ ជាមួយគ្នានេះ ការរស់នៅយូរពេកនៅក្នុងភ្នក់ភ្លើងសង្រ្គាម​ បានធ្វើឲ្យផ្នត់គំនិតប្រជាជនមានការផ្លាស់ប្តូរ ហើយគុណតម្លៃរបស់សង្គម និងគុណធម៌ របស់បុគ្គលក៏មានការធ្លាក់ចុះទៅតាមនោះ។

លោកបានគូសបញ្ជាក់ថា ផលវិបាកនេះបណ្តាលមកពីការផ្លាស់ប្តូរប្រព័ន្ធ ហើយប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវចូលរួមដោះស្រាយបញ្ហាប្រឈមនេះទាំងអស់គ្នា ដោយមិនគួរធ្វើការបន្ទោសទៅលើបុគ្គលណាមួយ ឬក៏ក្រុមណាមួយឡើយ។ នៅលើលោកនេះ គ្មានលទ្ធិណាមួយល្អឥតខ្ចោះនោះទេ ពោលគឺលទ្ធិអ្វីក៏ដោយ គឺសុទ្ធសឹតែមានចំណុចបូក និងដកទាំងអស់ មិនថា​លទ្ធិប្រជាធិបតេយ្យ ឬក៏លទ្ធិកុម្មុយនីស​នោះទេ។ តែអ្វីដែលសំខាន់បំផុត គឺយើងត្រូវចេះប្រើប្រាស់លទ្ធិនោះ ឲ្យក្លាយជាមធ្យោបាយសម្រាប់បម្រើឲ្យការកសាងជាតិ ឲ្យចំបរិការណ៍ និងស្ថានភាពជាក់ស្តែងរបស់ប្រទេសយើង ដោយមានការគិតគូទៅដល់កត្តាប្រវត្តិសាស្រ្ត ប្រជាសាស្រ្ត, សង្គម និងវប្បធម៌។

លោក វង្សី វិស្សុត បានលើកឡើង​ថា ការដាក់ចេញនូវយុទ្ធសាស្រ្តត្រីកោណ (១៩៩៨-២០០៣) បន្ទាប់ពីការសម្រេចបានមកដោយលំបាកលំបិន តាមរយៈការអនុវត្ត​នយោបាយឈ្នះ​ឈ្នះ គឺជាការចាប់ផ្តើមមួយ នៃដំណើការកសាងជាតិរបស់យើង ក្នុងនៅដំណើរឈានឆ្ពោះទៅរកសុខសន្តិភាពយូរអង្វែង, ការចាកចេញពីការហ៊ុមព័ទ្ធសេដ្ឋកិច្ច និងនយោបាយ ទៅរកការធ្វើសមាហរណកម្មរបស់ប្រទេសកម្ពុជា ទៅក្នុងតំបន់ និងពិភពលោកឡើងវិញ និងទៅរកការអភិវឌ្ឍគ្រប់វិស័យ ព្រមទាំងការដោះស្រាយបញ្ហាជីវភាព និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

បន្ទាប់មកទៀត, ដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណ ទាំង​០៣ ដំណាក់កាល ចាប់តាំងពីដំណាក់កាលទី១ (២០០៣-២០០៨), ដំណាក់កាលទី២ (២០០៨-២០១៣) និងដំណាក់កាលទី៣ (២០១៣-២០១៨) ដែលផ្តោតលើការអភិវឌ្ឍផ្ទៃក្នុងប្រទេសជាធំ បានជួយជំរុញធ្វើឲ្យដំណើរការកសាងប្រជាជាតិមួយនេះ កាន់តែមានល្បឿនលឿនជាងមុន និងបានឡើងដល់កម្រិតមួយ ដែលខ្ពស់ជាងមុន ហើយកាន់តែមានមុខមាត់នៅលើឆាកអន្តរជាតិ។​ នៅដំណើរការកសាងជាតិ នៅក្នុងដំណាក់កាលនេះ រាជរដ្ឋាភិបាលផ្តោតលើជំរុញឲ្យមានកំណើនសេដ្ឋកិច្ច តាមរយៈការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការផ្សារភ្ជាប់កំណើននេះ ជាមួយ​ការបង្កើតការងារដល់ប្រជាជន។ ដូច្នេះ ជារួម​យុទ្ធសាស្រ្តចតុកោណ ដែលមានបាវចនា៖ កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព និងមានគោលដៅជាយុទ្ធសាស្រ្តចំនួន​០៤ ហើយផ្តោតលើវិស័យអាទិភាពទាំង​០៤ គឺជាយុទ្ធសាស្រ្តមួយដែលប្រកបដោយភាពជោគជ័យ។

លោក វង្សី វិស្សុត បានបន្តលើកឡើងថា នៅក្នុងដំណើរ នៃការកសាងជាតិក្នុងរយៈពេលជិតពីរទសវត្សចុងក្រោយនេះ កម្ពុជាសម្រេចបាននូវសេដ្ឋកិច្ចខ្ពស់ ប្រមាណ​៧,៧% បើគិតពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៧។ ទន្ទឹមនឹងនេះ រចនាសម្ព័ន្ធ នៃសេដ្ឋកិច្ចជាតិ ក៏កាន់តែមានទំនើបកម្ម និងបានផ្លាស់ប្តូរពីប្រទេស ពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសពឹងផ្អែកលើវិស័យឧស្សាហកម្ម។ ប្រការនេះ បានធ្វើឲ្យទំហំនៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) គិតតាមថ្លៃបច្ចុប្បន្ន មានការកើនឡើងប្រមាណ​៦​ដង ពោលគឺពីប្រមាណតែជាង​៣​ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០០០ ឡើងដល់ប្រមាណជាង​២៤​ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨។

ប្រាក់ចំណូលរបស់ប្រជាជនម្នាក់ធៀបនឹង ផ.ស.ស ក៏បានកើនឡើងប្រមាណ​៥ដង ពោល​គឺពីប្រមាណតែ​២៨៨​ដុល្លារ ក្នុងឆ្នាំ២០០០ ឡើងដល់​១៥៦៣ ដុល្លារក្នុងឆ្នាំ២០១៨ ដែលធ្វើឲ្យប្រទេសកម្ពុជា បានក្លាយជាប្រទេសចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥កន្លងទៅ។ ក្រៅពីការសម្រេច បាននូវកំណើនសេដ្ឋកិច្ចខ្ពស់, កម្ពុជាក៏មានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដ៏ល្អប្រសើរផងដែរ។ ជាក់ស្តែង អត្រាអតិផរណាមានកម្រិតទាប គឺក្នុងរង្វង់​៣,០% និងអត្រាប្តូរប្រាក់ ក្នុងកម្រិត៤០៣៧រៀល/ដុល្លារ ដែលធ្វើឲ្យមានកំណើន នៃចំណូលពិតរបស់ប្រជាពលរដ្ឋ។ ទំហំពាណិជ្ជកម្ម ក៏មានការកើនឡើងពី ប្រមាណតែជាង​៣​ប៊ីលានដុល្លារក្នុងឆ្នាំ២០០០ ឡើងដល់ប្រមាណជាង​២៨​ប៊ីលានដុល្លារក្នុងឆ្នាំ២០១៨ ក្នុងខណៈដែលដំណើរការ នៃធ្វើពិពិធកម្មក្នុងការនាំចេញ ទាំងលើមុខទំនិញ និងទាំងទីផ្សារនាំចេញ​កាន់តែមានសន្ទុះល្អជាលំដាប់។ ទុនបម្រុងអន្តរជាតិ ក៏មានកើនឡើងជាបន្តបន្ទាប់ គួរឲ្យកត់សម្គាល់ ក្នុងខណៈដែលប្រាក់បញ្ញើធនាគារ នៅបន្តរក្សាទំហំធៀបនឹងផ.ស.ស ដែលឆ្លុះបញ្ចំងឲ្យឃើញពីការកើនឡើងនូវទំនុកចិត្តលើវិស័យវិស័យធនាគារ។

លោកបានគូសបញ្ជាក់​ ​អំពីការកើនឡើងនៃសមត្ថភាពខាងថវិការបស់កម្ពុជា ដែលកើតចេញពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការកៀគរចំណូលគ្រប់ប្រភេទ ក៏ដូចជាប្រកាន់ខ្ជាប់នូវវិន័យថវិកាក្នុងការចាយវាយ។ ជាក់ស្តែងចំណូលក្នុងប្រទេស មានការកើនឡើងពីប្រមាណត្រឹមតែ ១,៤២៣​លានរៀល ក្នុងឆ្នាំ២០០០ ឡើងដល់ប្រមាណ​១៩,០១៧​លានរៀល ក្នុងឆ្នាំ២០១៨ ដែលចំណូលនេះ គឺមួយផ្នែកបានពីការប្រមូលពី អ្នកមានចំណូលខ្ពស់ និងមធ្យម ហើយចំណូលនេះត្រូវបានយកមកជួយដល់ការអភិវឌ្ឍវិស័យសង្គមកិច្ច និងហេដ្ឋារចនាសម្ព័ន្ធនានា សម្រាប់ជួយដល់ប្រជាពលរដ្ឋក្រីក្រ និងអ្នកមានចំណូលទាប ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាព របស់ប្រជាជនកម្ពុជាទាំងមូល ក្នុងខណៈមានការបន្ធូរបន្ថយពន្ធ និងអនុគ្រោះពន្ធ, ការមិនយកកម្រៃពីសេវាសាធារណៈមូលដ្ឋាន និងចាំបាច់មួយចំនួន, ការកាត់បន្ថយថ្លៃទឹកស្អាត និងអគ្គិសនី រួមទាំងការទទួលបាននូវ សេវាសុខាភិបាលដោយឥតគិតថ្លៃ ចំពោះប្រជាជនដែលមានប្រាក់ចំណូលទាប។

ទន្ទឹមនឹងនេះ ចំណាយសរុបថវិការដ្ឋក៏ត្រូវបានបង្កើនយ៉ាងគំហុក ពីប្រមាណតែ ២,០៤០​លានរៀល ក្នុងឆ្នាំ២០០០ ឡើងដល់ប្រមាណ ២៤,០៥៥​ ក្នុងឆ្នាំ២០១៨ ផងដែរ ដើម្បីលើកស្ទួយដល់ប្រតិបត្តិការរបស់រដ្ឋ, ការដំឡើងប្រាក់បៀវត្សជូនមន្រ្តីរាជការ, ការពង្រីក និងកែលំអរគុណភាពសេវាសាធារណៈ ព្រមទាំងការវិនិយោគ លើកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ ទន្ទឹមនឹងនេះ កម្រិតបំណុលសាធារណៈរបស់កម្ពុ​ជា ក៏ស្ថិតក្នុងក្រុមប្រទេស ដែលមានអនុបាត បំណុលទាបបំផុតក្នុងតំបន់ ហើយស្ថានភាពបំណុលត្រូវបានវាយតម្លៃថា មានចីរភាព និងហានិភ័យកម្រិតទាប។

ជារួម​នៅក្នុងដំណើការកសាងជាតិនៅក្នុងរយៈពេលជាងពីរទសវត្សចុងក្រោយនេះ, ប្រទេសកម្ពុជាបានងើបឡើងវិញ ជាប្រជាជាតិមួយ ដែលមានឯកភាពទឹកដី, មានឯកភាពរដ្ឋអំណាច និងមានមុខមាត់លើឆាកអន្តរជាតិ បន្ទាប់ពីសង្គ្រាមសឹងតែរលាយបាត់ពីផែនទីពិភពលោក ហើយបើទោះបីទឹកដីត្រូវបានរួមតូចក្តី។ ការអភិវឌ្ឍប្រទេសជាទូទៅ មានលក្ខណៈវិជ្ជមាន ទោះបីជាមានការខ្វះចន្លោះខ្លះ និងមាននៅសល់បញ្ហាប្រឈមធំៗ និងផលវិបាកមួយចំនួន បណ្តាលមកពីការផ្លាស់ប្តូរប្រព័ន្ធក្តី។

លោក វង្សី វិស្សុត បានបន្តថា ពិភពលោក ក៏ដូចជាតំបន់អាស៊ី កំពុងស្ថិតនៅក្រោមនិន្នាការធំៗចំនួន​០៤​គឺ៖ ​ទី១៖ពហុប៉ូល នៃពិភពលោក, ទី២៖ការក្លាយខ្លួនជាមជ្ឈមណ្ឌលកំណើន សេដ្ឋកិច្ចពិភពលោក​របស់អាស៊ី ពោលគឺអាស៊ីនឹងមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ មានទំហំសេដ្ឋកិច្ចជាងគេ និងក្លាយជាមូលដ្ឋានផលិតកម្ម និងជាកន្លែងនៃការប្រើប្រាស់ធំជាងគេថែមទៀត​, ​ទី៣៖បដិវត្តឧស្សាហកម្ម ៤,០ និង​​ទី៤៖ការប្រែប្រួលអាកាសធាតុ។

ទន្ទឹមនឹងនេះដែរ ស្ថានភាពនយោបាយពិភពលោក និងតំបន់ ក៏នឹងមានការប្រែប្រួលផងដែរ ដោយសារការប្រែប្រួលនៃភូមិសាស្រ្តនយោបាយ និងភាពតានតឹង នៃភូមិសាស្រ្តនយោបាយរបស់ពិភពលោក និងតំបន់​ព្រមទាំងបញ្ហាមួយចំនួនទៀត។ ជាមួយគ្នានេះដែរ ទោះបីស្ថានភាពនៃសេដ្ឋកិច្ចពិភពលោក និងតំបន់ នឹងងើបឡើងវិញក្តី តែសេដ្ឋកិច្ចពិភពលោក និងតំបន់ ក៏ត្រូវប្រឈមនឹងបញ្ហាមួយចំនួនផងដែរ។ បរិការណ៍ខាងលើនេះ នឹងធ្វើឲ្យកម្ពុជា អាចចាប់យកកាលានុវត្តភាព មួយចំនួនមកធ្វើការអភិវឌ្ឍមូលដ្ឋាន សេដ្ឋកិច្ចរបស់ខ្លួន តែកម្ពុជានឹងត្រូវជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនផងដែរ។

លោក វង្សី វិស្សុត បានបន្តថា ដើម្បីចាប់យកកាលានុវត្តភាព និងដោះស្រាយនូវបញ្ហាប្រឈមសេដ្ឋកិច្ចខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តសំខាន់ៗមួយចំនួន រួមមាន៖ យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣, គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម ២០១៥-២០២៥ និង​ការរៀបចំ «យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤» និង​ចក្ខុវិស័យ​២០៥០​។

លោកបានគូសបញ្ជាក់ថា ដើម្បីធ្វើឲ្យចក្ខុវិស័យរបស់កម្ពុជា នៅឆ្នាំ២០៥០​នេះ អាចក្លាយជាការពិត ហើយកម្ពុជាអាចក្លាយជាប្រជាជាតិមួយ ដែលមានភាពខ្លាំង និងល្បីរន្ទឺឡើងវិញដូចសម័យមហានរគរ, ដំណើរការកសាងជាតិ ត្រូវផ្អែកលើកម្លាំងចំនួន​០៥​គឺ ទី១៖​កម្លាំងបង្រួបបង្រួមជាតិ (Unifying) តាមរយៈការស្វែងរកនូវបំណងប្រថ្នារួម និងលើកគុណតម្លៃសង្គម និងបុគ្គល ដោយផ្អែកលើជំនឿ សាសនា វប្បធម៌ និងប្រវិត្តសាស្រ្ត ដើម្បីចង់ភ្ជាប់ជាតិរបស់យើង កុំឲ្យបែកគ្នា និងកសាងឲ្យក្លាយទៅជាកោសិកាសង្គមមួយដ៏រស់រវើក, ទី២៖កម្លំាងការពារជាតិ (Defending) តាមរយៈការអភិវឌ្ឍ និងលើកកម្ពស់សមត្ថភាពកងទ័ព ក្នុងបុព្វហេតុការពារជាតិ និងនយោបាយការទូត ដើម្បីការពាររាល់ផលប្រយោជន៍លើឆាកអន្តរជាតិ, ទី៣៖​កម្លាំងស្ថិរកម្ម (Stabizing) តាមរយៈការបង្កើតឲ្យមានយន្តការប្រិតតុល្យការ នៃអំណាច, ការដោះស្រាយទំនាស់ និងការគ្រប់គ្រងវិបត្តិ, ទី៤៖កម្លាំងកសាងជាតិ (Building) តាមរយៈជំរុញអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារសេរី ប្រកបដោយកំណើនខ្ពស់, បរិយាប័ន្ន និងចិរភាព និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងវិទ្យាសាស្រ្ត និងបចេ្ចកវិទ្យា និងទី៥៖​កម្លាំងគាំពារ (Protecting) តាមរយៈការបង្កើតឲ្យមានរបបការគាំពារសង្គម, កម្មវិធីជំនួយសង្គម និងការពារបិរស្ថាននិងធនធានធម្មជាតិ។

​ដើម្បីឈានទៅការសម្រេចបាននូវផែនការ នៃការកសាងជាតិខាងលើនេះ ទាមទារជាចាំបាច់នូវភាពជាអ្នកដឹកនាំ (Leadership) នៅគ្រប់កម្រិត ទាំងនៅក្នុងវិស័យសាធារណៈ និងឯកជន, ការកសាងមូលដ្ឋាន នៃធនធានមនុស្ស (Human Resource) និងការកសាងនូវស្ថាប័ន (Institution) ទាំងមូលដ្ឋានច្បាប់, វិធាន និងអភិបាលកិច្ច ព្រមទាំងការលើកកម្ពស់គុណតម្លៃនៃសង្គម និងគុណធម៌នៃបុគ្គល (Value & Virtue) ផងដែរ៕