(ព្រះវិហារ)៖ អតីតសមាជិកគណបក្សប្រឆាំងចំនួន១៨៥រូប នៅឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានប្រកាសបញ្ចូល​ជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោមវត្តមានលោក ពឹង ទ្រីដា ប្រធានក្រុមការងារថ្នាក់ខេត្ត​ចុះជួយស្រុករវៀង។

ថ្លែងក្នុងឱកាសនោះ លោក ពឹង ទ្រីដា ​បានការស្វាគមន៍ចំពោះ​​សមាជិកអតីតគណបក្សប្រឆាំង ដែលបានគិតត្រូវវិលមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា​ ដើម្បីរួមគ្នាកសាងប្រទេសជាតិឲ្យកាន់តែអភិវឌ្ឍន៍រីកចំរើនថែមទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស។

លោក ពឹង ទ្រីដា បា​នបន្តទៀតថា តាមពិត​អតីតសមាជិក ដែលគាំទ្រអតីតគណបក្សប្រឆាំងកន្លងមកនោះ គឺពួកគាត់ចាញ់បោកការញុះញង់ ដូចជាសន្យាបោកប្រាស់ថា បើឈ្នះឆ្នោតក្នុងមួយឃុំទទួលបានថវិកា៥០ម៉ឺនដុល្លារ ហើយចំពោះចាស់ជរាក្នុងម្នាក់ៗ ឧបត្ថម្ភថវិកា​៤ម៉ឺនរៀលក្នុងមួយខែ ដែលចំណុចនេះ​ហើយធ្វើឲ្យពួកគាត់ជឿតាមដោយមិនបានពិចារណា លុះដល់គណបក្សនេះ ត្រូវបានរំលាយដោយច្បាប់ទើបពួកគាត់ភ្ញាក់ខ្លួនថាចាញ់បោក ដោយអ្នកខ្លះអស់ទ្រព្យសម្បត្តិក៏មាន។

ជាមួយគ្នានោះ លោក ពឹងទ្រីដា បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរួបរួមគ្នាដើម្បីកសាងប្រទេសឲ្យកាន់តែអភិវឌ្ឍន៍រីកចំរើន ដោយលោកបញ្ជាក់ថា បើខ្មែររួបរួមគ្នា នោះខ្មែរខ្លាំង ដូច្នេះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ​ត្រូវទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដោយបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០។

​លោកក៏បានជូនវត្ថុអនុស្សាវរីយ៍ ជាសារ៉ុងដល់សមាជិកទាំង១៨៥នាក់ ដែលជាអំណោយ​របស់លោក អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងបានហូបនំបញ្ចុកជុំគ្នា ដោយភាពរីករាយស្និតស្នាល៕