(ប៉ៃលិន)៖ ប្រជាពលរដ្ឋខ្មែរ និងខ្មែរឥស្លាម ដែលជួបការលំបាកទីទាល់ក្រចំនួន២១គ្រួសារ រស់នៅសង្កាត់ប៉ៃលិន​ ខេត្តប៉ៃលិន បានទទួលអំណោយ និងថវិកា​ពីក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ប៉ៃលិន ដែលដឹកនាំដោយលោក ផាន់ ចាន់ថុល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ប៉ៃលិន នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ ស្ថិតក្នុងភូមិអូរតាពុកលើ និងភូមិបរឌិននៀវ ក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោក ផាន់ ចាន់ថុល ​បានលើកឡើងថា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍ​មូលដ្ឋាន ឆ្លើយតបទៅនិងសំណូមពរ​របស់ប្រជាពលរដ្ឋ ក្រុមការងារ​គណៈពង្រឹងសង្កាត់ប៉ៃលិន បានរួមចំណែកយ៉ាងសកម្មជាមួយអាជ្ញាធរ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និង​សមិទ្ធផលជាច្រើនទៀត តាមមូលដ្ឋាន​ ក្នុងគោលដៅលើកស្ទួយស្ថានភាព ជីវភាពរស់នៅ​របស់ប្រជាពលរដ្ឋ​ឲ្យកាន់តែល្អប្រសើរ និងក៏បានរួមចំណែកដោះស្រាយការលំបាក​នៅពេលដែលប្រជាពលរដ្ឋ សមាជិក សមាជិកា ណាម្នាក់ជួបប្រទះការលំបាកធ្ងន់ធ្ងរ។

លោក​ប្រធានក្រុមការងារ បានបន្ដថា កន្លងមក​​ក្រុមការងារ​បាននាំយកនូវគ្រឿងឧបភោគ បរិភោគ និងសម្ភារ​ដែលជាអំណោយរបស់គណបក្សប្រជាជនកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ តាមមូលដ្ឋានជាបន្តបន្ទាប់ មិនឲ្យប្រជាពលរដ្ឋណាម្នាក់​ស្លាប់ ដោយអត់បាយ​នោះឡើយ។

លោក ផាន់ ចាន់ថុល បានគូសបញ្ជាក់ថា ​គណបក្សប្រជាជនកម្ពុជា បានចូលរួម​កសាងអភិវឌ្ឍន៍ប្រទេសជាតិ​ ក្រោមការដឹកនាំ​របស់សម្តេច​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលកន្លងមកសម្តេចតែងតែយកចិត្តទុកដាក់ ជាមួយប្រជាពលរដ្ឋ និងប្រទេសជាតិ​ធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើន​ សេចក្តីសុខសន្តិភាព និងការអភិវឌ្ឍន៍។

បន្ថែមពីនេះ លោកក៏បានផ្តាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់​ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារដោយរដូវនេះមានភ្លៀងធ្លាក់ លាយឡំជាមួយខ្យល់ និងផ្គររន្ទះ​ដែលងាយបង្កគ្រោះថ្នាក់ ហើយបើ​មានកើតបញ្ហាអ្វីកើតឡើងក្នុងគ្រួសារត្រូវរាយការណ៍ទៅមេឃុំ ចៅសង្កាត់ ដែលនៅជិតកៀក ដើម្បីឲ្យក្រុមការងារចុះជួយ​ឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលទទួលអំណោយពីប្រធានក្រុមការងារ រួមមានចំនួន​២ភូមិ ស្មើនឹង ២១គ្រួសារ គឺភូមិអូរតាពុកលើ ចំនួន​១៥គ្រួសារ និងភូមិបរឌិននៀវ ជាសាសនិកឥស្លាម ចំនួន​០៦គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន​អង្ករ២៥​គីឡូក្រាម​ មី​១កេះ និងថវិកាចំនួន​១ម៉ឺនរៀល៕