(ភ្នំពេញ)៖ លោកស្រី ម៉ាទី ស៊ីថារ៉ាម៉ាន (Shrimati Nirmala Sitharaman) រដ្ឋមន្ដ្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋឥណ្ឌា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ឥណ្ឌា មកដល់កម្ពុជាហើយ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ ដើម្បីបំពេញទស្សនកិច្ច រយៈពេល៣ថ្ងៃ។

នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី រដ្ឋមន្ដ្រីក្រសួងការពារប្រទេសឥណ្ឌា នៅកម្ពុជានាពេលនេះ។ លោកបានអះអាងថា ដំណើរទស្សនកិច្ចនេះ នឹងពង្រឹងទំនាក់ទំនង​ ក្នុងវិស័យការពារជាតិប្រទេសកម្ពុជា និងឥណ្ឌាផងដែរ។

ការអញ្ជើញមកបំពេញទស្សនកិច្ចរបស់លោក ម៉ាទី ស៊ីថារ៉ាម៉ាន នៅកម្ពុជា មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិកម្ពុជា។

នៅអំឡុងពេលទស្សនកិច្ច លោកស្រី ម៉ាទី ស៊ីថារ៉ាម៉ាន នឹងចូលជួបសវនាជាមួយ សម្ដេចពិជ័យសេនា ទៀ បាញ់។ បន្ថែមពីនេះ ប្រមុខការពារប្រទេសឥណ្ឌា នឹងដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅវិមានសន្ដិភាពផងដែរ៕