(បាត់ដំបង)៖ ប្រជាពលរដ្ឋជិត ២០០នាក់ ត្រូវបានប្រកាសបញ្ចូល ជាសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោក អ៊ុក គឹមលេខ អនុប្រធានក្រុមការងារស្រុកថ្មគោល។

ប្រជាពលរដ្ឋចំនួន ១៩៨នាក់ មកពីគណបក្សនយោបាយផ្សេងៗ នៅភូមិចំនួន៥ ក្នុងឃុំអន្លង់រុន បានសម្រេចមករួមរស់នយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដោយពួកគាត់បានលើកឡើងស្រដៀងគ្នាថា ប្រទេសកម្ពុជាក្រោមការដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា មានការអភិវឌ្ឍសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យជាច្រើនទៀត កាន់តែរីកចម្រើនពីមួយ ថ្ងៃទៅមួយថ្ងៃ។

ក្នុងឱកាសនោះ លោក អ៊ុក គឹមលេខ បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំង ១៩៨រូប ដែលបានមកចូលរួមរស់នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបានចាត់ទុកថា នេះជាការសម្រេចដ៏ត្រឹមត្រូវ ព្រោះថាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មិនត្រឹមតែបាននាំមកនូវសុខសន្តិភាព ជូនប្រទេសជាតិនោះទេ ថែមទាំងបានអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យទៀតផង។

ជាមួយនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដោយកុំជឿតាមការញុះញង់របស់ជនមួយចំនួន ដែលអំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យសោះ៕