(ព្រៃវែង)៖ លោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះជួយស្រុក​បាភ្នំ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ បានលើកឡើងថា ការអំពាវនាវមិនឱ្យទៅចូលរួមបោះឆ្នោត ​គឺជាការមិនគោរពឆន្ទៈរបស់ប្រជាពលរដ្ឋ​។

ការលើកឡើងបែបនេះរបស់ លោក ព្រុំ សុខា បានធ្វើឡើងក្នុងឱកាសដែលោកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋគ្រប់និន្នាការ ឮសរុបចំនួន ២,១៥០នាក់ ដែលជាតំណាងគ្រួសារ​ទាំងអស់មកពី​​​ភូមិ​ទាំង ១៥ ក្នុងឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយមានការចូលរួមពីសំណាក់សមាជិក​ក្រុមការងារ ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។

លោក ព្រុំ សុខា បានលើកឡើងយ៉ាងដូច្នេះថា «ខ្ងុំសូមសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋរួបរួមគ្នា ដើម្បីកសាង​ស្រុកភូមិ​ឱ្យមានការរីកចម្រើនបន្តទៅទៀត ពិសេសសូមទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨​ខាងមុខ​នេះ​ឱ្យបានគ្រប់ៗគ្នា ដោយកុំចាញ់ពាក្យឃោសនាអកុសលទាំងឡាយរបស់មជ្ឈដ្ឋានអគតិដែលញុះញង់ រារាំង​ប្រជាពលរដ្ឋ​មិនឱ្យទៅបោះឆ្នោតតាមលេសបំភ័ន្តនៃរបស់ដែលហៅថា ដេកផ្ទះឈ្នះឯង ឬដេកផ្ទះឈ្នះស្អាត»

លោក ព្រុំ សុខា ចាត់ទុក​ការអំពាវនាវ​មិនឱ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត គឺជាការមាក់ងាយ​ទឹកចិត្ត​ប្រជាពលរដ្ឋ ជាការបំពាន និង​មិនគោរពឆន្ទៈ​ប្រជាពលរដ្ឋ ហើយការអំពាវនាវប្រជាពលរដ្ឋមិនឱ្យទៅចូលរួមបោះឆ្នោត ជាការដើរផ្ទុយ នឹង​គោលការណ៍​គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ ដែលត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ ហើយរាល់​ទម្រង់​នៃការញុះញង់ ការរារាំង​ដំណើរការបោះឆ្នោតមិនមែនគ្រាន់តែជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះទេ ថែមទាំង​​ជាការប៉ុនប៉ងធ្វើឱ្យ​ចុះខ្សោយអំណាចប្រជាជន ក្នុងក្របខ័ណ្ឌនីតិរដ្ឋ។

លោកប្រធានក្រុមការងារ ក៏បានធ្វើការអំពាវនាវសារជាថ្មី ឱ្យប្រជាពលរដ្ឋទៅ​ចូលរួម​បោះឆ្នោតនៅពេលខាងមុខកុំបីអាក់ខាន ហើយលោកបានសង្កត់ធ្ងន់ និងរំលឹកប្រជាពលរដ្ឋថា កាលពី​២៥ឆ្នាំមុន គឺនៅឆ្នាំ១៩៩៣ បងប្អូនប្រជាពលរដ្ឋ​ទាំងអស់សស្រាក់សស្រាំចេញទៅបោះឆ្នោតគាំទ្រនយោបាយ​ផ្សះផ្សា​របង្រួបបង្រួម​ជាតិ ដើម្បី​​មាតុភូមិមាន​សន្តិភាពឡើងវិញ ចំណែកឯឆ្នាំ២០១៨នេះ បងប្អូនទាំងអស់​ពិតជា​នឹង​ទៅចូលរួមបោះឆ្នោត​កាន់តែ​សស្រាក់សស្រាំថែមទៀត បោះឆ្នោតដើម្បីប្រទេសជាតិយើងនៅបន្តមាន​សន្តិភាព ស្ថិរភាព​កាន់តែរឹងមាំ បោះឆ្នោតដើម្បីសង្គមជាតិ​ មានការអភិវឌ្ឍរីកចម្រើន​ឆាប់រហ័ស ប្រកបដោយចីរភាព បោះឆ្នោត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋនៅកម្ពុជា​ស្ថិតស្ថេរគង់​វង្ស សម្រាប់អនាគតរុងរឿង​របស់មនុស្សជំនាន់នេះ និងកូនចៅជំនាន់ក្រោយ៕